ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ លោក ពុំ ស៊ីថា នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រគាបកូនចៅ

យ៉ាងហោចណាស់នាយខណ្ឌរដ្ឋបាលជលផលបណ្តាខេត្តជាប់សមុទ្រ២ បានដើររអ៊ូរទាំករណីលោកពុំ ស៊ីថា នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ បង្ខំឲ្យបង់ប្រាក់ប្រចាំខែរាប់ពាន់ដុល្លារ ពាក់ព័ន្ធនឹងបទល្មើសនៅដែនសមុទ្រ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប លោកគង់ វីរៈ និងនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតលោក ស សូរិន្ទ បានដើរនិយាយថា ខ្លួនបានចំណាយប្រាក់មួយខែៗរាប់ពាន់ដុល្លារជូនលោក ពុំ ស៊ីថា ដែលជាមេកើយរបស់ខ្លួន ក៏ដូចជា​ត្រូវផ្តល់​លោកអគ្គនាយករដ្ឋបាលជលផលនោះទៀតផង។ ដូច្នេះ បញ្ហាបទល្មើសនៅដែនសមុទ្រវាមិនស្ថិតនៅក្រោមការទទួលខុសត្រូវទាំងស្រុករបស់ថ្នាក់ខណ្ឌរដ្ឋបាលជលផលនោះឡើយ ។

ប្រភពពីមន្ត្រីដែលស្និទ្ធនឹងនាយខណ្ឌរដ្ឋបាលទាំងពីរនាក់បានអះអាងថា បទល្មើសនេសាទនៅដែនសមុទ្រពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យបណ្តាជនបរទេសចូលមកនេសាទក្នុងដែនសមុទ្រខ្មែរដោយសេរីនោះ ពិតហើយថា វាជារឿងផលប្រយោជន៍ដែលមិនមែនសម្រាប់តែពួកគេជានាយខណ្ឌនោះទេ ប៉ុន្តែត្រូវបង់​ជូនមន្ទីរកសិកម្មខេត្តផង, អាជ្ញាធរខេត្តផង និងជូននាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រនោះទៀតផង ។ ក្រៅពីនេះ ក៏ត្រូវបង់ជូន​អគ្គ​នាយកដ្ឋាន​រដ្ឋបាលជលផល​ដែលជាមេធំថែមទៀត ។ ប្រភពដែលជិតជាមួយនាយខណ្ឌខេត្តកែប ក៏ដូចជាខេត្តកំពតអះអាងថា បើមិនបិទភ្នែកឲ្យមានបទល្មើសនៅដែនសមុទ្រទេនោះ គឺមិនអាចរកលុយសម្រាប់ចែកថ្នាក់លើបានឡើយ ។

សម្រាប់លោក ពុំ ស៊ីថា ត្រូវគេអះអាងថា បាននិងកំពុងសោយសុខជាមួយនឹងបទល្មើសជាច្រើនក្នុងដែនសមុទ្រ ។ ក្រៅពីបទល្មើសនេសាទនៅខេត្តកែប និងកំពត នៅឯខេត្តកោះកុងឯណោះវិញ បទល្មើសនេសាទក្នុងការអនុញ្ញាតឲ្យបណ្តាជនជាតិថៃចូលនេសាទក្នុងដែនសមុទ្រខ្មែរ ក៏ជាប្រភពចំណូលដ៏សន្ធឹកសន្ធាប់សម្រាប់លោក ពុំ ស៊ីថា នោះដែរ។ ដូចគ្នានេះដែរ នៅឯដែនសមុទ្រខេត្តព្រះសីហនុ ក៏មានបទល្មើសនៃការអនុញ្ញាតឲ្យជនបរទេសចូលមកនេសាទក្នុងដែនសមុទ្រខ្មែរដែរ ។ លោក ពុំ ស៊ីថា ដែលជាសមាជិកគណៈកម្មាធិការបង្ក្រាបបទល្មើសនៅដែនសមុទ្រ ទទួលបានផលប្រយោជន៍ជាច្រើន ។ ក្រៅពីបទល្មើសនេសាទ ដែលជាប្រភពចំណូលដ៏សំខាន់នោះ បទល្មើសផ្សេងៗទៀត ក៏ត្រូវបង់ឲ្យលោកពុំ ស៊ីថា ដែរ ព្រោះលោកក៏ជាសមាជិកគណៈកម្មាធិការបង្ក្រាបបទល្មើសនៅដែនសមុទ្រនេះដែរ។

មានរឿងរ៉ាវពាក់ព័ន្ធនឹងផលប្រយោជន៍ជាច្រើនទៀត ដែលគេខ្សឹបថា លោក ពុំ ស៊ីថា បាននិងកំពុងសោយសុខ ស្របពេលដែលមន្ត្រីថ្នាក់នាយខណ្ឌកំពុងរអ៊ូរទាំពីការដែលត្រូវខិតខំកសាងបទល្មើស​ដើម្បីស្វែងរកផលប្រយោជន៍ជូនថ្នាក់ដឹកនាំ ។ ករណីនេះ វាជារឿងដែលកើតឡើងជាទូទៅសម្រាប់រដ្ឋបាលជលផលបច្ចុប្បន្ន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក អេង ជាសាន ។ បទល្មើសដែនទឹកសមុទ្រ ក៏ដូចជាទឹកសាប កើតឡើងព្រោងព្រាត ដែលប្រជាពលរដ្ឋខ្មែរអាចមើលឃើញដោយផ្ទាល់ភ្នែកបាន ។ ប៉ុន្តែសម្រាប់ លោក អេង ជាសាន មិនដែលមិនឃើញបទល្មើសទាំងនោះទេ ៕