ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ភេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន បើកដៃឲ្យឈ្មួញ កុយ តាំងលី នេសាទល្មើស

ប្រភពពី​ប្រជា​នេសាទ​រស់នៅក្នុង​ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​យ៉ាង​រាលដាល​ពេញ​ផ្ទៃ​បឹង​ទន្លេសាប ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែលជា​អ្នក​រត់ការ​បើកដៃ​ឲ្យ​ឈ្មួញអាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ គឺ​ឈ្មោះ កុយ តាំងលី ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ការដែល​ឈ្មួញ​ឈ្មោះ កុយ តាំងលី អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​សម្របសម្រួល​ពី​សំណាក់​លោក ភេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​២ កំពុង​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​ឈ្មួញ​ឈ្មោះ កុយ តាំងលី ជា​អ្នកគ្រប់គ្រង​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​មេទឹក បាន​ឲ្យ​ដឹងថា បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា​ដាយ ប, ឧបករណ៍​ឆក់ កំពុង​រាលដាល​កាន់តែខ្លាំង​ព្រោះ​លោក ភេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ កុយ តាំងលី និង​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ការដែល​លោក ភេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ កុយ តាំងលី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ និង​លោក ឡាយ វិ​សិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ តែម្តង​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ភុំ វិមល និង​លោក លាយ វិ​សិទ្ធ ទេនោះ​គឺ​លោក ភេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ភេ​ម សុខុន តែង​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​លោក ភុំ វិមល និង​លោក ឡាយ វិ​សិទ្ធ ជាប្រចាំ​ទើប​អាច​រក្សា​តំណែង​ជា​នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន យ៉ាង​សុខសាន្ត​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​បាកាន នោះទេ​ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា លោក ម៉ៅ ធនិន ក៏​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះ​ផងដែរ​៕