ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក អ៊ុំ វ៉ាន់​សុភ​ក្រ ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​នៅខេត្តមណ្ឌលគិរី

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក អ៊ុំ វ៉ាន់​សុភ​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គឺជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុំ វ៉ាន់​សុភ​ក្រ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី បានឡើយ​។ ដូច្នេះ​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៅ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក អ៊ុំ វ៉ាន់​សុភ​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី នោះទេ​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ លោក អ៊ុំ វ៉ាន់​សុភ​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ក្រៅប្រទេស​យ៉ាង​ពេញបន្ទុក​។ ប៉ុន្តែ​ពេល​មាន​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ម្តងៗ​លោក អ៊ុំ វ៉ាន់​សុភ​ក្រ តែងតែ​ឆ្លើយ​ដោះសា​យករួចខ្លួន​យ៉ាង​ក្រអឺតក្រទម​គ្មាន​សេចក្ដី​អៀនខ្មាស​អ្វី​ទាំងអស់​ដោយ​អះអាងថា បទល្មើស​មិនកើត​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះទេ​។ ជាងនេះទៅទៀត​លោក អ៊ុំ វ៉ាន់​សុភ​ក្រ តែង​ខំប្រឹង​បិទបាំង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី បើទោះបី​បច្ចុប្បន្ន​បទល្មើស​កំពុង​កើតឡើង​យ៉ាង​រាលដាល​ក៏ដោយ​។

NKD-36x6_outline

តាម​ការ​បង្ហើប​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា គ្រប់​ឈ្មួញ​ទាំង​ធំៗ​ទាំង​តូច​ដែល​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ប្រទេសវៀតណាម គឺ​សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ុំ វ៉ាន់​សុភ​ក្រ តាម​ការកំណត់​មិនអាច​រំលង​បានឡើយ​។ អាចនិយាយបាន​ថា​លោក អ៊ុំ វ៉ាន់​សុភ​ក្រ គឺជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ធំជាងគេ​ក្នុង​ខេត្តមណ្ឌលគិរី ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់លោក អ៊ុំ វ៉ាន់​សុភ​ក្រ យ៉ាង​សុខ​ស្រួល​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅប្រទេសវៀតណាម​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ណាំ​លៀ​ហៅ​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​លោក អ៊ុំ វ៉ាន់​សុភ​ក្រ ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។

ដោយសារ​លោក អ៊ុំ វ៉ាន់​សុភ​ក្រ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បែបនេះហើយ​ទើប​បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ៕