ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ល្បីប្រធានមន្ទីរសាធារណការខេត្តកំពង់ធំពុករលួយ

កន្លងមកអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរនេះលាតត្រដាងជាសាធារណៈដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹងហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការទប់ស្កាត់ទៅលើអំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ នៅឡើយទេ។ ប្រការនេះហើយទើបប្រភពខ្លះសង្ស័យថា លោក ស៊ុន ចាន់ថុល គឺជាអ្នកឃុបឃិតបើកដៃឲ្យលោក ជូ កុល្លា ធ្វើអ្វីៗស្រេចតែអំពើចិត្ត ជាពិសេសការឃុបឃិតជាមួយបក្ខពួកក្រោមឱវាទកេងប្រវ័ញ្ចថវិការដ្ឋដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នលោក ជូ កុល្លា កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋទៅលើគម្រោងចំណាយផ្សេងៗយ៉ាងគឃ្លើនតែម្តង។ កន្លងមកលោក ជូ កុល្លា និងបក្ខពួកមួយក្ដាប់តូចឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋទៅលើគម្រោងចំណាយផ្សេងៗមិនតិចជាង៤០០លានរៀលនោះទេ ជាពិសេសពាក់ព័ន្ធគម្រោងធ្វើផ្លូវនិងជួសជុលផ្លូវច្រើនខ្សែក្នុងខេត្តកំពង់ធំ ហើយមិនឃើញមានការជួសជុលផ្លូវទាំងនោះនៅឡើយទេ។ ការដែលលោក ជូ កុល្លា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះ គឺដោយសារតែអាងមានឪពុកក្មេករបស់ខ្លួនជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិ ហើយសូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ត្រូវលោក ជូ កុល្លា ហ៊ានផ្គើនដាក់យ៉ាងក្រអឺតក្រទមបំផុត។

តាមមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនក្នុងខេត្តកំពង់ធំខ្លះ បានឲ្យដឹងថា កាលជំនាន់លោក ម៉ៅ ឡាំង នៅធ្វើជាប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ គឺចេះបែងចែករបបឲ្យមន្ត្រីថ្នាក់ក្រោមបានរស់ខ្លះ ប៉ុន្តែនៅពេលលោក ជូ កុល្លា ឡើងធ្វើជាប្រធានមន្ទីរ ស្រាប់តែខំប្រឹងប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីឡើយ។ ប្រការនេះកំពុងធ្វើឲ្យមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកំពង់ធំ មួយចំនួនបាត់បង់ទឹកចិត្តក្នុងការបំពេញការងារ ព្រោះលោក ជូ កុល្លា គិតតែពីរឿងប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយមន្ត្រីក្រោមឱវាទមួយចំនួនតូច កេងប្រវ័ញ្ចថវិការដ្ឋយ៉ាងក្រអឺតក្រទម ហើយគ្មានញញើតអ្វីទាំងអស់៕