ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយកំពុងរីករាលដាល

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងកើតឡើងច្រើនកន្លែងហើយមានទាំងល្បែងបញ្ជល់មាន់ និងបៀអាប៉ោងផងដែរ។ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរឃុំសំរោងធំ ក៏ដូចជាសមត្ថកិច្ចនគរបាលប៉ុស្ដិរដ្ឋបាលសំរោងធំ និងអធិការនគរបាលស្រុកកៀនស្វាយ មិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្តកណ្ដាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំសំរោងធំ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។

តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា បច្ចុប្បន្ននៅក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មគួរឲ្យភ័យខ្លាច ហើយអំពើហិង្សាក្នុងគ្រួសារនិងបទល្មើសផ្សេងៗទៀតក៏កើតឡើងយ៉ាងពេញបន្ទុកដែរ។ បទល្មើសទាំងនោះផ្ដើមចេញពីល្បែងបញ្ជល់មាន់ បៀអាប៉ោង និងកន្ទុយលេខកើតឡើងយ៉ាងពេញបន្ទុក ហើយអាជ្ញាធរឃុំសំរោងធំ និងសមត្ថកិច្ចនគរបាលឃុំសំរោងធំ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខក្នុងមូលដ្ឋានទាល់តែសោះ។ ប្រជាពលរដ្ឋបានរិះគន់ចំៗថាលោក ប៊ុន សីហា នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសំរោងធំ គឺជាអ្នកប្រើកូនចៅក្រោមឱវាទឲ្យដើរប្រមូលលុយពីវង់ល្បែងស៊ីសងជាច្រើនកន្លែង ហើយយកលុយចែកគ្នាដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៊ុន សីហា មេនគរបាលឃុំសំរោងធំ ទេនោះគឺគ្មាននរណាអាចបើកល្បែងស៊ីសងយ៉ាងគឃ្លើននៅក្នុងឃុំសំរោងធំ ដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរខេត្តកណ្ដាល ចាត់វិធានការលុបបំបាត់ល្បែងស៊ីសងក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ជាបន្ទាន់ព្រោះអភិបាលស្រុកកៀនស្វាយ និងអធិការនគរបាលស្រុកកៀនស្វាយ មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដែលរាលដាលកាន់តែខ្លាំងឡើងៗនោះទេ៕