ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់ក្នុងស្រុកជើងព្រៃដំណើរការគគ្រឹកគគ្រេងជាងមុន

ប្រជាពលរដ្ឋនៅភូមិស្រម៉ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានពួកគាត់ដែលសមត្ថកិច្ចនគរបាលខេត្តទើបតែបង្ក្រាបកាលពីពេលថ្មីកន្លងទៅឥឡូវកំពុងបើកដំណើរការឡើងវិញហើយ។ ប្រជាពលរដ្ឋ បានឲ្យដឹងថា មន្ត្រីនិងសមត្ថកិច្ចក្នុងស្រុកជើងព្រៃជាអ្នកឃុបឃិតឲ្យមានល្បែងបញ្ជល់ មាន់បង្កប់ដោយបៀអាប៉ោង នៅក្នុងភូមិស្រម៉ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យស្នងការនគរបាលខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាមចាត់វិធានការទប់ស្កាត់ល្បែងបញ្ជល់មាន់ក្នុងភូមិស្រម៉ ឃុំសូទិព្វ ស្រុកជើងព្រៃជាបន្ទាន់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុច ។

តាមការអះអាងរបស់អ្នកធ្លាប់ចូលរួមលេងល្បែងបញ្ជល់មាន់ក្នុងសង្វៀននោះបានឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់អភិបាលស្រុកជើងព្រៃ និងអធិការ នគរបាលស្រុកជើងព្រៃទេនោះគឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់បានឡើយ។ ប្រភពបានឲ្យដឹងទៀតថា មានមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តកំពង់ចាមម្នាក់ជាអ្នក

កាងសង្វៀនបញ្ជល់មាន់ក្នុងស្រុកជើងព្រៃក៏ដូចជាសង្វៀនបញ្ជល់មាន់នៅតាមបណ្ដាស្រុកដទៃទៀតដែលបង្កប់ទៅដោយបៀអាប៉ោងផងដែរ ។

មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ថ្នាក់ឃុំបានលើកឡើងថា ការបង្ក្រាបសង្វៀនបញ្ជល់ មាន់គឺហួសពីសមត្ថភាពរបស់ពួកគាត់ព្រោះអ្នកកាងសង្វៀនបញ្ជល់មាន់ជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ចាមដែលមានខ្នងបង្អែករឹងមាំ។ មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ ភូមិ ថ្នាក់ឃុំបានលើកឡើងថា មានតែអភិបាលខេត្តកំពង់ចាម និងស្នងការនគរបាល ខេត្តកំពង់ចាមប៉ុណ្ណោះទើបអាចបង្ក្រាបសង្វៀនបញ្ជល់មាន់នៅភូមិស្រម៉ ឃុំសូទិព្វ ស្រុកជើងព្រៃប្រកបដោយប្រសិទ្ធភាព។ ប្រជាពលរដ្ឋក្នុងឃុំសូទិព្វ ស្រុកជើងព្រៃបានកត់សម្គាល់ថាចាប់តាំងពីសង្វៀនបញ្ជល់មាន់ក្នុងភូមិស្រម៉ ឃុំសូទិព្វត្រូវគេបើកលេងគឺបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀតកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ៕