ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់កំពុងអុកឡុកនៅស្រុកកងមាស និងស្រុកព្រៃឈរ

ថ្មីៗនេះប្រជាពលរដ្ឋរស់នៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកកំពង់សៀម, ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់ល្បែងបញ្ជល់មាន់និងល្បែងស៊ីសងផ្សេងៗទៀតកំពុងកើតឡើងយ៉ាងរាលដាលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សន្តិសុខសង្គម។ ប្រភពបានឲ្យដឹងទៀតថាសមត្ថកិច្ចក្នុងមូលដ្ឋាននិង មន្ត្រីអាជ្ញាធរមូលដ្ឋានមិនបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច នោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់វិធានការលុបបំបាត់ល្បែងស៊ីសងប្រកបដោយប្រសិទ្ធភាព។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថានៅក្នុងភូមិប៉ាណានិងភូមិតាសែន មានគេបើកសង្វៀនបញ្ជល់មាន់បង្កប់ល្បែងអាប៉ោងនិងល្បែងផ្សេងៗទៀតប្ដូរវេនគ្នាជាប្រចាំ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា សង្វៀនបញ្ជល់មាន់នៅភូមិប៉ាណានិងភូមិតាសែន មានម្ចាស់តែមួយហើយមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់និងល្បែងអាប៉ោងយ៉ាងកុះករមិនចាញ់សង្វៀនបញ្ជល់មាន់នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នាពេលកន្លងមកនោះទេ។ កន្លងមកសង្វៀនបញ្ជល់មាន់ទាំង២កន្លែងនេះធ្លាប់ត្រូវសមត្ថកិច្ចបង្ក្រាបផងដែរ ប៉ុន្តែពេលបង្ក្រាបនៅភូមិតាសែន គេទៅបើកលេងនៅភូមិប៉ាណា ហើយពេញបង្ក្រាបនៅភូមិប៉ាណា គេទៅបើកលេងនៅភូមិតាសែនវិញ។ ម្ចាស់សង្វៀនបញ្ជល់មាន់ទាំង២កន្លែងត្រូវបានគេស្គាល់ថាឈ្មោះ ប៊ូ សុខកេង ហៅគៅ ជាមន្ត្រីនគរបាលនៅក្នុងខេត្តកំពង់ចាម ដែលគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានហ៊ានប៉ះពាល់នោះទេ។

NKD-36x6_outline

តាមការអះអាងពីប្រជាពលរដ្ឋក្នុងភូមិប៉ាណានិងភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថាចាប់តាំងពីល្បែងអាប៉ោងនិងបញ្ជល់មាន់កើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់គឺអំពើចោរកម្មព្រមទាំងបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុក។ ប្រភពបានដឹងទៀតថាមានអ្នកភូមិខ្លះវក់នឹងល្បែងបញ្ជល់មាន់ ល្បែងអាប៉ោង ចាញ់អស់ទ្រព្យសម្បត្តិលុយកាក់ លក់អស់ដីអស់ផ្ទះ កើតជាអំពើហិង្សាក្នុងគ្រួសារបែកបាក់គ្រួសារ កាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះអ្នកបើកល្បែងស៊ីសងដែលទំនងជាមានខ្នងបង្អែករឹងមាំនិងមានការឃុបឃិតជាប្រព័ន្ធអាចប្រមូលលុយបានរាប់សិបលានរៀលឬរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗដោយគ្មានសមត្ថកិច្ចនៅស្រុកជើងព្រៃ និងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បង្ក្រាបឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបទល្មើសផ្សេងៗ ជាពិសេសអំពើចោរកម្ម កើតឡើងយ៉ាងពេញបន្ទុក ដូច្នេះអភិបាលខេត្តកំពង់ចាមនិងស្នងការខេត្តកំពង់ចាម មិនត្រូវមើលរំលងតទៅទៀតទេ ៕