ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់នៅ​ភូមិទ្រមូង ឆ្នាំងបាយលោកអធិការស្រុកអង្គរបុរី

ប្រជាពលរដ្ឋ​រស់នៅឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដាក់ការសង្ស័យថា វង់ល្បែងស៊ីសងខ្លាឃ្លោក និងសង្វៀនជល់មាន់នៅភូមិទ្រមូង គឺជាឆ្នាំងបាយដ៏ធំរបស់លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ។ សង្វៀន​ជល់​មាន់នេះអាចដំណើរការជាចំហរ ដោយមិនញញើត​សមត្ថកិច្ច ព្រោះតែមានលោកអធិការស្រុកជាអ្នកកាង ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សង្វៀនជល់មាន់ ដែលអមទៅដោយល្បែងខ្លាឃ្លោកផងនោះ​បានដំណើរការលេង​ជារៀងរាល់ថ្ងៃយូរណាស់មកហើយ ។ មន្ត្រីនគរបាលប៉ុស្តិ៍ព្រៃផ្គាំមិនហ៊ានបង្ក្រាបសង្វៀនជល់មាន់នេះទេ ពីព្រោះវា​ជាកន្លែង ឬជាឆ្នាំងបាយរបស់លោក​អធិការ ។ បនល្បែងផ្សេងទៀត​នៅក្នុងមូលដ្ឋាននៃស្រុកអង្គរបុរី នឹងត្រូវបង្ក្រាប ប្រសិនបើ​លេចឮដល់ថ្នាក់លើ ។ ប៉ុន្តែសង្វៀនជល់មាន់នៅភូមិទ្រមូង ឃុំព្រៃផ្គាំ បើទោះបីជាមន្ត្រីនគរបាលថ្នាក់ខេត្តបញ្ជាឲ្យថ្នាក់ស្រុកបង្ក្រាបយ៉ាង​ណាក៏ដោយ ក៏មិនឃើញនគរបាលស្រុកអង្គរបុរីបង្ក្រាបសង្វៀនជល់មាន់នៅភូមិទ្រមូងនោះដែរ ។

ប្រភពពីប្រជាពលរដ្ឋនិយាយថា សង្វៀនជល់មាន់នៅភូមិទ្រមូង បានបង្កបញ្ហាអសន្តិសុខយ៉ាងច្រើនដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ។ ករណីនេះ លោកអធិការស្រុកក៏បានដឹងពីបញ្ហានេះដែរ ប៉ុន្តែគ្មាននរណាវាយបំបែកឆ្នាំងបាយខ្លួនឯង​នោះឡើយ ។ មន្ត្រីនគរបាលថ្នាក់ខេត្តនិយាយថា គេបានដាក់បញ្ជាឲ្យនគរបាលស្រុក ពោលគឺលោក ភី ឆុន បង្ក្រាបសង្វៀនជល់មាន់នៅភូមិទ្រមូងនោះដែរ តែមិនដឹងជាហេតុអ្វីបានជាលោកមិនបង្ក្រាប ។ ដូច្នេះ ប្រជាពលរដ្ឋនៅឃុំព្រៃផ្គាំ ស្នើឲ្យលោកស្នងការនគរបាលខេត្តចាត់កម្លាំងមកបង្ក្រាបសង្វៀនជល់មាន់នេះផង ៕

លោក ភី ឆុន