ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចខំចាប់ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់បញ្ជាឲ្យលែងរថយន្តដឹកឈើ

ក្រុមសមត្ថកិច្ចខេត្តពោធិ៍សាត់​កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានចាប់រថយន្តដឹកឈើ​អាររួចមួយគ្រឿង ដែលគ្មានច្បាប់ទម្លាប់​ស្ថិតនៅភូមិបាគូ ឃុំស្រែកស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ប៉ុន្តែ​បានប្រហែល១០នាទីក្រោយមក លោកអភិបាលរងខេត្តមួយរូបបានទូរស័ព្ទទៅក្រុមសមត្ថកិច្ច​ឲ្យដោះលែងរថយន្តដឹកឈើ និងប្រគល់ឈើឲ្យម្ចាស់គេវិញ ។ នៅពេលដែលក្រុមសមត្ថកិច្ចនៅនឹងកន្លែង មិនព្រមដោះលែង លោកអភិបាលរងខេត្តបានទូរស័ព្ទទៅមន្ត្រីថ្នាក់ជាតិឲ្យអន្តរាគមន៍ចំពោះករណីនេះ ។ ទីបំផុត​ក្រុមសមត្ថកិច្ចចម្រុះទាំងនោះបានដើរចេញ​ពី​រថយន្តដឹកឈើទាំងក្តីអាម៉ាស់ចំពោះមុខឈ្មួញ ។

ថៅកែដេប៉ូឈើដ៏ធំមួយនៅភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ជាអ្នកដែលមានឥទ្ធិពលអាចរកកិច្ចអន្តរាគមន៍ពីលោក​អភិបាលរងខេត្តម្នាក់នោះបាន ។ លោកថែកែដេប៉ូឈើ តាន់ វេងគង់ ត្រូវគេអះអាងថា ជាអ្នកដែលរកស៊ីឈើជាយូរឆ្នាំណាស់មកហើយៗក៏បាន​ក្លាយទៅជាប្រភពហិរញ្ញវត្ថុរបស់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់​មួយចំនួន រួមទាំងលោកអភិបាលរងខេត្តម្នាក់ ដែលជួយអន្តរាគមន៍ថៅកែដេប៉ូឈើ​នោះផង ។ ថៅកែដេប៉ូឈើ ធ្លាប់ចិញ្ចឹមថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ច្រើនរូបនាពេលកន្លងមកមិនខ្លាចរអារចំពោះសមត្ថកិច្ច ឬច្បាប់ទម្លាប់របស់ប្រទេស​នោះឡើយ ។ ជាងនេះទៅទៀតថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ខ្លួះ នៅពេលដែលក្លាយទៅជា​ខ្នងបង្អែកឲ្យថៅកែតាន់ វេងគង់ ហើយនោះ ក៏លែងគិតអំពីច្បាប់ទម្លាប់ស្រុកទេសអ្វីដែរ ។

ជារឿយៗនៅខេត្តពោធិ៍សាត់គ្រាដែលសមត្ថកិច្ចបង្ក្រាបបទល្មើស តែងតែមានថ្នាក់ដឹកនាំអន្តរាគមន៍​។ ការអន្តរាគមន៍នោះទៀតសោត មិនស្របតាមច្បាប់ទេ​ ពោលគឺតែងតែបំពានច្បាប់ជាដរាប ។ យ៉ាងនេះហើយ ទើបបានជាសមត្ថកិច្ចប្រដាប់អាវុធអ្នកអនុវត្តច្បាប់មិនមានទឹកចិត្តក្នុងការបង្ក្រាបបទល្មើស ។ ជាក់ស្តែងករណីដែលសមត្ថកិច្ចប្រដាប់អាវុធចម្រុះចុះចាប់រថយន្តដឹកឈើក្បែរអង់តែនទូរស័ព្ទនៅភូមិ ឃុំខាងលើនេះ ជាការផ្តល់ភាពអាម៉ាស់មួយដ៏ធ្ងន់ធ្ងរសម្រាប់សមត្ថកិច្ចអ្នកអនុវត្តច្បាប់ ។ មិនតែប៉ុណ្ណោះ វាជាការកាច់បំបាក់មួយសម្រាប់​សមត្ថកិច្ចដទៃទៀត ។ សមត្ថកិច្ចគ្រប់ប្រភេទ សុទ្ធតែត្រូវញាក់សាច់ជាមួយដេប៉ូឈើ​តាន់ វេងគង់ នៅស្រុកកណ្តៀង ៕