ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សិស្សវិទ្យាល័យសម្តេចឪស្រុកសំរោងវក់នឹងល្បែងក្បែររបងសាលា

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលចារ ឃុំ-ស្រុកសំរោង ខេត្តតាកែវបានរាយការណ៍ថា សិស្សសាលាក្មេងៗនៅក្នុងវិទ្យាល័យសម្តេចឪកំពុងវក់នឹងល្បែង ដែលមានទីតាំងជាប់របងសាលានោះតែម្តង។ ក្រៅពីល្បែងច្រើនប្រភេទ ក៏មានបញ្ហាប្រើប្រាស់គ្រឿងញៀនកំពុងពង្វក់ស្មារតីសិស្សសាលានោះដែរ។ អភិបាលស្រុកសំរោងទើបកាន់តំណែងថ្មី លោកកេត ម៉ៅ ប្រកាសថា នឹងចាត់វិធានការចំពោះបញ្ហាល្បែងស៊ីសង និងគ្រឿងញៀន ប៉ុន្តែគេមិនឃើញលោកមានចំណាត់ការចំពោះផ្ទះបើកល្បែងស៊ីសងលួចលាក់លក់គ្រឿងញៀនក្បែររបងវិទ្យាល័យសម្តេចឪនោះនៅឡើយទេ។

គេរាយការណ៍ថា ហាងលក់កាហ្វេមួយកន្លែងជាប់របងវិទ្យាល័យសម្តេចឪផ្តល់ឱកាសឲ្យសិស្សសាលាក្មេងៗលេងល្បែងស៊ីសង ដូចជាបៀ និងបុកប៊ីយ៉ែជាដើម ។ អាជ្ញាធរមូលដ្ឋាន ក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវបានដឹងអំពីបញ្ហានេះ ប៉ុន្តែគ្មាននរណាចាត់វិធានការចំពោះទីតាំងហាងកាហ្វេ ដែលមានកន្លែងបុកប៊ីយ៉ែ លេងបៀ និងលាយឡំដោយការប្រើប្រាស់គ្រឿងញៀននោះឡើយ។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាប់ពីនាយប៉ុស្តិ៍សំរោង រហូតដល់អធិការនគរបាលស្រុកសំរោង បានដឹងអំពីបញ្ហាទីតាំងខាងលើ ដែលកំពុងទាក់ទាញក្មេងៗជាសិស្សសាលាឲ្យវក់វីនឹងល្បែងស៊ីសង ប៉ុន្តែគេមិនមានចំណាត់ការនោះឡើយ។

ប្រភពពីគ្រូបង្រៀនម្នាក់នៅវិទ្យាល័យសម្តេចឪស្រុកសំរោងនិយាយថា ហាងកាហ្វេខាងជើងវិទ្យាល័យ ជាប់ស្ពានថ្ម ជាទីតាំងដែលធ្វើឲ្យសិស្សគេចសាលារៀន ។ មិនតែប៉ុណ្ណោះ ពួកសិស្សសាលាដែលចូលទៅហាងកាហ្វេលេងបុកប៊ីយ៉ែ លេងបៀជាដើម តែងតែបង្កទំនាស់នៅក្នុងចំណោមពួកគេជាសិស្សសាលានោះ។ សាលាបានស្នើឲ្យមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ស្រុកដើម្បីចាត់វិធានការចំពោះហាងកាហ្វេ បុកប៊ីយ៉ែនោះដែរ ប៉ុន្តែហាក់មិនឃើញមានលទ្ធផលអ្វីនោះឡើយ។ ប្រជាពលរដ្ឋនៅជុំវិញវិទ្យាល័យសម្តេចឪ ស្រុកសំរោង រំពឹងថា លោកអភិបាលស្រុកដែលប្រកាសប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបល្បែងស៊ីសង បញ្ហាគ្រឿងញៀននឹងចំណាយពេលទៅអើតឈ្ងោកមើលទីតាំងហាងកាហ្វេមានបុកប៊ីយ៉ែ, បង្កប់ថ្នាំញៀនក្បែររបងវិទ្យាល័យសម្តេចឪនោះផង ៕