ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ ជាកន្លែងថ្លឹងលុយ​

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក មុំ វុត្ថា ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​ឈ្មួញ​និង​អាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក មុំ វុត្ថា និង​បក្ខពួក​គឺជា​ការ​ស្រេច​។ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក មុំ វុត្ថា ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​ផងដែរ ។
​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គឺ​មន្ត្រី​ប្រចាំ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ ក្នុងស្រុក​លើកដែក មិន​ចាត់វិធានការ​ពិន័យ​តាមច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ​ថ្លឹង​រថយន្ត​នោះ ចាំ​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ ហើយ​ករណីខ្លះ​ពួកគេ​គ្រាន់តែ​កត់​ស្លាក​លេខ​រថយន្ត​ដើម្បី​ទៅ​ប្រមូល​លុយ​ប្រចាំខែ គឺជា​ការ​ស្រេច​។ ប្រសិនបើ​ឈ្មួញ​ឬ​អាជីវក​រណា​ហ៊ាន​គេចវេះ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ថ្ងៃក្រោយ​អាច​ត្រឹម​ប្រឈម​នឹង​ការពិន័យ​ជាមិនខាន ព្រោះ​មន្ត្រីក្រោមឱវាទ​របស់លោក មុំ វុត្ថា ស្គាល់​ច្បាស់​ពី​អត្តសញ្ញាណ​រថយន្ត​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​រួចទៅហើយ​។
​តាម​ការអះអាង​របស់​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​គ្រប់​រថយន្ត​ដឹកទំនិញ​ទោះបី​ផ្ទុក​លើស​ទម្ងន់​ឬ​ខ្វះ​ទម្ងន់​យ៉ាងណាក៏ដោយ គឺ​ចៀស​មិន​ផុតពី​ចូល​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ការគ្រប់គ្រង​របស់លោក មុំ វុត្ថា នោះទេ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​មាន​ឈ្មួញ​មួយចំនួន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ហើយ​លោក មុំ វុត្ថា និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ពិន័យ​តាមច្បាប់​ឡើយ គ្រាន់តែ​តម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ​៕