ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយករងគយ ហុីវ គឹមហេង កែអាយុពី២០ កុម្ភៈ ១៩៥៦មក២០ កុម្ភៈ ១៩៥៩

នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករក្រៅពីអំពើពុករលួយគេសង្កេតឃើញអំពើបក្ខពួកនិយម និងការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីធំៗបានកើតឡើងគួរឲ្យខ្ពើម រអើមដែលបញ្ហានេះអ្នកតាមដានកំណែទម្រង់គយបានលើកឡើងថា វាជាវប្បធម៌ដើរផ្ទុយពីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងជាគម្រូដ៏អាក្រក់ធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍ របស់មន្ត្រីក្មេងៗដែលមានសមត្ថភាព និងជំនាញតែគ្មានឱកាស បានធ្វើការងារបម្រើជាតិ ។

តាមការកំណត់របស់ច្បាប់គឺមន្ត្រីរាជការកាំកុងត្រូវចូលនិវត្តន៍នៅត្រឹមអាយុ៦០ ឆ្នាំ។ ចម្លែកអីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករគេសង្កេតឃើញលោក ហ៊ីវ គឹមហេង ដែលជាអគ្គនាយករងកាន់តំណែងខ្លាញ់បន្តក្រាញននៀលមិនព្រមចូលនិវត្តន៍តាម ការកំណត់របស់ច្បាប់។ មន្ត្រីតូចតាចបានលួចខ្សឹបថា ជាគោលការណ៍លោក ហ៊ីវ គឹមហេង ត្រូវដាក់ឲ្យចូលនិវត្តន៍តាំងពីឆ្នាំមុន គឺនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦មកម្លេ៉ះ ប៉ុន្តែតាមពិតទៅលោកអគ្គនាយករងអត់ទាន់ចង់ចូលនិវត្តន៍ទេ ។

NKD-36x6_outline

បើពិនិត្យក្នុងបញ្ជីរាយនាមមន្ត្រីរាជការគយចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បាន បង្ហាញថា លោកអគ្គនាយករង ហ៊ីវ គឹមហេង កើតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៥៦។ ប៉ុន្តែនៅក្នុងប្រវត្តិរូបថ្មីលោកអគ្គនាយករងបានកែថ្ងៃខែឆ្នាំកំណើតមកនៅត្រឹម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដោយបន្ថយរយៈពេល៣ឆ្នាំ។ ដូច្នេះហើយទើបលោក អគ្គនាយករងមានឱកាសពន្យារអាយុចូលនិវត្តន៍គួរឲ្យភ្ញាក់ផ្អើល ហើយគេជឿថា ករណី រំលោភច្បាប់របស់លោកអគ្គនាយករងអាចធ្វើទៅដោយរលូនក៏ព្រោះតែមានការឃុបឃិត បិទភ្នែកពីសំណាក់រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ៕