ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំត្រូវប៉ាន់នឹងបទល្មើសនេសាទ

មេៗថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តកំពង់ធំកំពុងទទួលបានលាភសក្ការយ៉ាងស្ងៀមស្ងាត់ ដែលក្នុងនោះលោកប្រធានមន្ទីរទទួលបានផលប្រយោជន៍ខាងព្រៃឈើ រីឯអនុប្រធានមន្ទីរម្នាក់ទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទ។ លោកប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងទទួលបានផលប្រយោជន៍យ៉ាងស្ងាត់ស្ងៀមពីបទល្មើសនេសាទក្នុងបឹងទន្លេសាប ខេត្តកំពង់ធំ។

ប្រភពបានខ្សឹបថា បណ្តាជនវៀតណាមដែលជាមេខ្យល់ធំៗយ៉ាងហោចណាស់៤នាក់ បាននិងកំពុងធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅក្នុងបឹងទន្លេសាបខេត្តកំពង់ធំ ហើយដែលពួកគេទាំងនេះចាំបាច់ត្រូវទាក់ទងជាមួយអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ គឺលោកប៉ែន ធារ៉ាត។ បើមិនដូច្នោះទេ ក្រុមមន្ត្រីបរិស្ថាននឹងចុះទៅបង្ក្រាបទាំងយប់មិនខាន។ ហេតុដូច្នេះ បណ្តាជនជាតិវៀតណាម ដែលចង់បន្តបទល្មើសនេសាទនៅបឹងទន្លេសាបទៀតនោះត្រូវតែបង់ប្រាក់ជូនលោក ប៉ែន ធារ៉ាត ។ លោកប៉ែន ធារ៉ាត បានដាក់កម្លាំងចុះទៅយកលុយដោយផ្ទាល់ផង និងត្រូវផ្ញើជូនលោកទៀតផង ។

បទល្មើសនេសាទនៅបឹងទន្លេសាបក្នុងខេត្តកំពង់ធំកើតមានជាហូរហែ។ ក្រៅពីអ្នកនេសាទល្មើសច្បាប់បង់លុយឲ្យមន្ត្រីជំនាញហើយនោះ ក៏ត្រូវបង់ប្រាក់ឲ្យពួកមន្ត្រីបរិស្ថាននោះដែរ។ បើទោះបីជាមិនមែនស្ថាប័នជំនាញ ឬនិយាយឲ្យខ្លីមិនអាចយកលុយបានពេញៗដៃក៏ដោយ ក៏ជនប្រព្រឹត្តល្មើសត្រូវតែខ្លាចរអារមន្ត្រីបរិស្ថានដែរ។ ហេតុដូច្នេះហើយ បានជាពួកគេចាំបាច់ត្រូវបង់ប្រាក់ជូនលោកប៉ែន ធារ៉ាត មិនអាចខានបានឡើយ។ មន្ត្រីរាជការខេត្តកំពង់ធំនិយាយថា លោកប៉ែន ធារ៉ាត ស៊ីស្រួលមិនល្បីល្បាញដូចស្ថាប័នជំនាញទេ។ ពួកឈ្មួញធំៗ មកទាក់ទងលោកប៉ែន ធារ៉ាត ដល់កន្លែងធ្វើការ ឬហាងគុយទាវតែម្តង មិនបាច់ឲ្យលោកប៉ែន ធារ៉ាត ចុះទន្លេនោះឡើយ ៕