ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អនុប្រធានស្នាក់ការគយប៉ោយប៉ែត​លេបថ្នាំពន្យារកំណើត

ប្រភពព័ត៌មានពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ព្រំប្រទល់ប្រទេសថៃបានរាយការណ៍ថា លោក អ៊ី ឃីម អនុប្រធានស្នាក់ការសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត​បាននិងកំពុងរត់ការពន្យារពេលចូលនិវត្តន៍ នៅគ្រាដែលគេដឹងថា លោកត្រូវចូលនិវត្តន៍តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ។ លោកបានប្រញាប់ប្រញាល់ចេញពីប៉ោយប៉ែត ឡើងមកភ្នំពេញដើម្បីទិញថ្នាំពន្យារកំណើត​នៅអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែមិនដឹងថា បានសម្រេចតាមផែនការ ឬយ៉ាងណានោះទេ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក អ៊ី ឃីម មានតួនាទីជាអនុប្រធានស្នាក់ការការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត ទទួលបន្ទុកត្រួតពិនិត្យ និងប្រមូលពន្ធនៅលើទីលានរទេះ ។ មានន័យថា លោកជាអ្នកមានភារកិច្ចប្រមូលពន្ធចំពោះការដឹកទំនិញតាមរទេះ ។ លោកត្រូវចូលនិវត្តន៍កាលពីថ្ងៃទី១ ខែកក្កដា កន្លង​ទៅនេះ ប៉ុន្តែ​គេឃើញលោកវេចបង្វិចរត់ឡើងមកភ្នំពេញយ៉ាងតក់ក្រហល់​ ទំនងជាមកទិញថ្នាំពន្យារកំណើតនៅអគ្គនាយក​ដ្ឋានពន្ធដារ ។ គេខ្សឹបថា គេឃើញលោក អ៊ី ឃីម នៅធ្វើការជាធម្មតា​ប៉ុន្មានថ្ងៃកន្លងមកនេះ ទំនងជាលោកទិញថ្នាំពន្យារកំណើតយកមកលេប​បានសម្រេចហើយ ។

បញ្ហាយកពន្ធ​តាមរទេះបង្កឲ្យមានចម្រូងចម្រាស់ជាខ្លាំង ពីព្រោះតែក្រុមកម្មករអូសរទេះ​មិនសប្បាយចិត្តជាមួយ​ការយក​ពន្ធ ។ ជារៀងរាល់ថ្ងៃ ទំនិញគេចពន្ធច្រើនប្រភេទ ដែលដឹកជញ្ជូនតាមរទេះ តាមរយៈការជួលកម្មករអូសចេញពីផ្សារថៃ (ផ្សាររោងក្លឿ) ចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង ទាំងបង់ពន្ធ និងមិនបង់ពន្ធ ជាពិសេស​ការបន្លំក្នុងការបង់ពន្ធទំនិញ​គ្រប់ប្រភេទ ។ បង់ពន្ធតិច ឬមិនបង់ពន្ធ គឺជាប្រភពចំណូលរបស់មន្ត្រីគយនៅទីនោះ ។ ដោយសារតែមានចំណូល ទើប​លោកអ៊ី ឃីម មានលទ្ធភាព​សល់លុយកាក់ទិញថ្នាំពន្យារកំណើតលេប ។ ទាំងនេះ គ្រាន់តែជាការខ្សឹបខ្សៀវតៗគ្នាក្នុងចំណោមកម្មករអូសរទេះ និងមន្ត្រីគយតូចតាច​នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែប៉ុណ្ណោះ ៕