ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខណ្ឌពោធិ៍សែនជ័យមិនបង្ក្រាបសង្វៀនបញ្ជល់មាន់និងល្បែងអាប៉ោង

ល្បែងស៊ីសងសង្វៀនបញ្ជល់មាន់ និងអាប៉ោងកំពុងបើកលេងយ៉ាងរំភើយនៅ ចំណុចខាងក្រោយអាងទឹក ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយគ្មានការរំខានពីខាងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យទាល់ តែសោះ។ លោក ហែម ដារឹទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក យឹម សារ៉ាន់ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានរិះគន់ថា មិនបង្ក្រាបសង្វៀនបញ្ជល់មាន់ និងល្បែង អាប៉ោងនោះទេ ព្រោះបើអស់លោកចង់បង្ក្រាបឬមន្ត្រីពាក់ព័ន្ធចង់បង្ក្រាបនោះល្បែងស៊ីសងខាងលើនេះមិនអាចដំណើរការរហូតដល់សព្វថ្ងៃនេះឡើយ ។

មន្ត្រីសាលាសង្កាត់ចោមចៅម្នាក់បានបង្ហើបថា ទាំងពលរដ្ឋនិងអ្នកសារព័ត៌មាន បានរាយការណ៍ជូនលោក ហែម ដារឹទ្ធ ជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍ សែនជ័យជុំវិញករណីល្បែងស៊ីសងមានទីតាំងខាងលើរួចហើយ តែប្រសិនបើលោក អភិបាលខណ្ឌដឹកនាំមន្ត្រីក្រោមឱវាទចុះទៅបង្ក្រាប ឬមួយក៏មិនបង្ក្រាបនេះជារឿង របស់លោក។ ប្រភពដដែលបានបញ្ជាក់ថា បើលោក ហែម ដារឹទ្ធ ចង់បង្ហាញភាពស្អាត ស្អំរបស់ខ្លួន និងចង់ឲ្យមូលដ្ឋានមានការអភិវឌ្ឍដោយនិរន្តរភាពលោកគួរតែបង្ក្រាបឲ្យបានឆាប់បំផុត ។

NKD-36x6_outline

ប្រជាពលរដ្ឋនៅសង្កាត់ចោមចៅបានសម្តែងក្តីបារម្ភថា ពួកគាត់កំពុងមានការភ័យខ្លាចយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ពួកគាត់ និងអ្នកដំណើរដែលឆ្លងកាត់មូលដ្ឋានខាងលើ ព្រោះខ្លាចកើតមានចោរលួច ចោរប្លន់ គ្រឿងញៀន និងអំពើហិង្សាជាដើម។ ប្រភព ដដែលបានបន្តថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រដ្ឋា ភិបាលមិនត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធយកទៅអនុវត្តប្រកបដោយប្រសិទ្ធ ភាពនោះទេ ។

គួរបញ្ជាក់ថា បញ្ហាល្បែងស៊ីសង មានបៀ អាប៉ោង សង្វៀនបញ្ជល់មាន់ ភ្នាល់ បាល់ទាត់ និងបញ្ហាគ្រឿងញៀនជាដើមនៅតែកើតមានជាច្រើនករណីក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តជាដើម។ បញ្ហាទាំងនេះត្រូវបានពលរដ្ឋរិះគន់ថា ដោយ សារការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព និងពិសេសនោះមន្ត្រីដែលអនុវត្តច្បាប់ប្រព្រឹត្ត អំពើពុករលួយទទួលលុយពីជនល្មើសជាថ្នូរនឹងការមិនបង្ក្រាបបទល្មើស ហើយថែមទាំងមានសមត្ថកិច្ចខ្លះជាជនល្មើសតែម្តង ពោលគឺជាអ្នកជួញដួរគ្រឿងញៀននិងបើកល្បែងស៊ីសងជាដើម ៕