ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំមើលប្រធានមន្ទីរបរិស្ថានផង!

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ បាន​លើកឡើងថា លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ហើយ​មន្ត្រីក្រោមឱវាទរ​ប​ស់លោក តុ​ប កក្កដា ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទេ ហើយ​បែរជា​កាង​បទល្មើស​ដើម្បី​ផលប្រយោជន៍​យ៉ាង​ងងើល​។

កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅ​ចំណុច​ជញ្ជាំង​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ហើយ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ការផ្ទុះអាវុធ​នោះ​បង្កឡើង​ដោយ​មន្ត្រី​បរិស្ថាន បាញ់រះ​ទៅលើ​ប្រជា​សហគមន៍​ដែល​ចុះ​ល្បាត​ការពារ​ព្រៃឈើ​នៅក្នុង​តំបន់​នោះ​។ ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន តែង​ការពារ​ក្រុម​ជនល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​គំរាមកំហែង​សព្វបែបយ៉ាង​ដល់​ប្រជា​សហគមន៍ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ​។ មានការ​រិះគន់​ចំៗ​ថា​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ ក្រោម​ការគ្រប់គ្រង​រប​ស់លោក តុ​ប កក្កដា បង្ក្រាប​តែ​ប្រជាពលរដ្ឋ​តូចតាច​ដឹកឈើ​បន្តិចបន្តួច ចំណែក​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​និង​រថយន្ត​ធំៗ​យ៉ាង​ពេញបន្ទុក ពួកគេ​មិន​បង្ក្រាប​ឡើយ​។

NKD-36x6_outline

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​កន្លងមក​មន្ត្រី​បរិស្ថាន បង្កបញ្ហា​ជាច្រើន​ដូចជា ធ្លាប់​ចាប់ខ្លួន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចាប់​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​បន្តិចបន្តួច​ជំរិត​យកលុយ​រាប់លាន​រៀល ដោយសារ​មាន​លោក តុ​ប កក្កដា ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ពួកគេ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ទេនោះ​គឺ​មន្ត្រី​បរិស្ថាន នៅក្នុង​ស្រុក​សណ្ដាន់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ហើយ​ពេលខ្លះ​ពួកគេ​ដោះលែង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅតាម​បទបញ្ជា​របស់លោក តុ​ប កក្កដា យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរពិនិត្យមើល​អំពើពុករលួយ​និង​អំពើអាក្រក់​របស់លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក តុ​ប កក្កដា បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​៕