ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំផ្តេកផ្តួលរឿងបទល្មើសនេសាទ

ការតាំងចិត្តបានត្រឹម​តែលើបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្តែងមិនមែន​ត្រឹមតែមិនបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ក្រុមមន្ត្រីជលផលខេត្តកំពង់ធំគឺជាអ្នកកសាងបទល្មើសក្រោមក្រសែភ្នែកលោកអភិបាលខេត្តនោះទៀតផង។ ការតាំង​ចិត្តរបស់លោកសុខ លូ អភិបាលខេត្តកំពង់ធំ គ្រាន់តែឲ្យឮដល់ត្រចៀករបស់ប្រជាពលរដ្ឋ​ ប៉ុន្តែវាជាឱកាស​ឲ្យពួក​មន្ត្រី​ជលផលដំឡើងថ្លៃ​លុយនៃការប្រព្រឹត្តបទល្មើសរបស់ពួកឈ្មួញតែប៉ុណ្ណោះ។ ពួកឈ្មួញភាគច្រើនជាជនជាតិវៀតណាម ដែលកំពុងប្រព្រឹត្តបទល្មើសនេសាទនៅ​ខេត្តកំពង់ធំ រីឯប្រជាពលរដ្ឋខ្មែរ ដែល​នេសាទដើម្បីចិញ្ចឹមក្រពះ​ត្រូវពួកមន្ត្រីជលផលចាប់យកទៅអួតប្រាប់​លោក សុខ លូ ឯណោះទៅវិញ ។

អ្នកដែលកសាងបទល្មើសធំជាងគេដោយចេញមុខនៅ​ក្នុងខេត្តកំពង់ធំ គឺលោកយ៉ាន់ វិសាក់ ជាមន្ត្រីរដ្ឋបាលជលផលនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ។ គ្រប់អ្នកប្រព្រឹត្តល្មើសត្រូវឆ្លងកាត់ និងទាក់ទងលោកយ៉ាន់ វិសាក់ជាមុន ។ ដូច្នេះ ពួកឈ្មួញជនជាតិវៀតណាមដែលចង់ប្រព្រឹត្តល្មើសងាយស្រួលបំផុត គឺទាក់ទងច្រកចេញ ចូលតែមួយ ដែលមានតំណាងខាងជលផលលោកយ៉ាន់ វិសាក់ហៅសែ។ នេះជាអ្វីដែលអាជ្ញាធរខេត្ត​ ក៏ដូចជា​រដ្ឋបាលជល​ផលរៀបចំបង្កលក្ខណៈងាយស្រួលឲ្យក្រុមអ្នកនេសាទជនជាតិវៀតណាមប្រព្រឹត្តល្មើស ទាក់ទងជាមួយលោកយ៉ាន់ វិសាក់ ដោយមិនចាំបាច់ទៅរកអ្នកផ្សេង។ លោកយ៉ាន់ វិសាក់ ប្រមូលលុយពីបទល្មើស​ យកទៅចែករំលែកថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំខេត្ត រួមទាំងក្រសួងខ្លះផង។

NKD-36x6_outline

បទល្មើសនេសាទក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវគេអះអាងថាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ពួកមន្ត្រីជំនាញផ្នែកជលផលអះអាងថា បើមិនឲ្យប្រព្រឹត្តបទល្មើសនៅក្នុងរដូវត្រីត្រូវទេនោះ ក៏ហ្វូងត្រីទាំងនេះ​នឹងហូរចេញទៅដែរ។ ដូច្នេះក្រោមលេសនៃការប្រមូលត្រីធ្វើប្រហុក ផ្អក ពួកអ្នកនេសាទបានប្រើគ្រប់វិធី​ដើម្បី​ប្រមូលផលត្រី និងការប្រើឧបករណ៍នេសាទល្មើសច្បាប់នានា ដោយមិនខ្លាច​អ្វីឡើយ។ រីឯអាជ្ញាធរខេត្ត ដែលគ្មានជំនាញ បានត្រឹមតែងក់ក្បាលជាមួយពួកមន្ត្រីជលផល​ដែលភ្ជាប់ជាមួយនឹងកញ្ចប់ទ្រនាប់ដៃ​ជាការ​បិទបាំង​បទល្មើសនោះ។ ដូច្នេះហើយពួកឈ្មួញមានឱកាសប្រព្រឹត្តល្មើស​យ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

អភិបាលខេត្តកំពង់ធំ កាលពីប៉ុន្មានសប្តាហ៍មុនបានប្រកាសប្តេជ្ញាចិត្តបង្ក្រាបបទល្មើសទាំងអស់ ជាពិសេសបទល្មើស​នេសាទ និងបទល្មើសព្រៃឈើ។ ប៉ុន្តែ​ការដែលមិនឃើញសកម្មភាពបង្ក្រាបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ថា នោះជាវិធីវាយស្មៅបង្អើលពស់តែប៉ុណ្ណោះ។ គេឃើញថា បទល្មើសនេសាទ ក៏ដូចជាបទល្មើសព្រៃឈើកើតឡើងខ្លាំងឡើងថែមទៀត ក្រោយការប្រកាស​របស់​លោកអភិបាលខេត្ត ។ ដូច្នេះ រឿងអីដែល​រាស្ត្រមិនយល់នោះ៕