ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំស្ងាត់ឈឺង​រឿងបទល្មើសព្រៃឈើ

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា រហូតមកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសដែលកើតឡើងយ៉ាងរាលដាលនោះទេ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយទៀតឡើយព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ។

តាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងខណៈដែលឈ្មួញដទៃទៀតផ្អាកសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ នោះគឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានមន្ត្រីជាន់ខ្ពស់ច្រើនស្ថាប័នក្នុងខេត្តកំពង់ធំ ឃុបឃិតទទួលផលប្រយោជន៍ពីឈ្មួញទាំង២នាក់ប្ដីប្រពន្ធនេះជាប្រចាំ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន អាចបន្តកាប់ឈើដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ហើយលក់ចែកចាយតាមដេប៉ូជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ទេ។

ប្រភពដែលស្និទ្ធជាមួយឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ខាងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើធំៗនៅក្នុងខេត្តកំពង់ធំ គឺជាអ្នកឃុបឃិតឲ្យឈ្មួញ២នាក់ប្ដីប្រពន្ធខាងលើនេះ ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង។ ក្នុងនោះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងបក្ខពួកមួយចំនួនត្រូវបានគេដឹងថាជាខ្នងបង្អែកយ៉ាងរឹងមាំសម្រាប់ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដែលនៅតែបន្តសកម្មភាពបំផ្លាញព្រៃឡង់និងព្រៃព្រះរកា ដោយគ្មានញញើតអ្វីទាំងអស់។ អាចនិយាយបានថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នទៀតបានចាត់ទុកឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ជាប្រភពចំណូលរបស់ពួកគេទើបបណ្ដោយឲ្យឈ្មួញ២នាក់ប្ដីប្រពន្ធនោះបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះ៕