ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អ្នកចូលភ្ជួរដីនៅតំបន់ហាមឃាត់ត្រូវបង់លុយឲ្យជលផល​

ដីព្រៃលិចទឹកដែលច្បាប់ហាមឃាត់ ស្ថិតនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ កំពុងត្រូវបាន​ក្លាយជាប្រធានបទសំខាន់មួយ និងជាប្រភពចំណូលដ៏សំខាន់របស់មន្ត្រីជលផលខេត្តតាកែវ។ លោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបូរី គឺជាអ្នកចាត់ចែង​ក្នុងការបិទភ្នែកអនុញ្ញាតឲ្យមានការភ្ជួរដីនៅតំបន់ហាមឃាត់ ដោយក្នុងមួយកន្លែងត្រូវបង់ឲ្យលោកខឹម ប៊ុនថន ២០០ដុល្លារ។ នៅមានថ្លៃត្រាក់ទ័រសម្រាប់ចុះទៅភ្ជួរដីនៅតំបន់អភិរក្សនោះទៀត។ ដីនៅតំបន់អភិរក្សក្បែរស្នាក់ការជលផលត្រូវ​បាន​លោកខឹម ប៊ុនថន អនុញ្ញាតឲ្យប្រជាពលរដ្ឋភ្ជួរស្ងាត់ៗអស់ទៅហើយ។

តំបន់ដែលត្រូវអភិរក្សថែរក្សាទុកក្លាយជាវាលរហោស្ថាន ។ ដីព្រៃលិចទឹកសម្រាប់ជាជម្រកត្រីពងកូន ក៏ត្រូវបានអនុញ្ញាតឲ្យកាប់បំផ្លាញតាមរយៈឈ្មួញអ្នកមានលុយ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រកាប់អុសមួយបាច ត្រូវក្រុមលោកខឹម ប៊ុនថន ចាប់យកទៅ​ដាក់គុកច្រវាក់មិនខានឡើយ។ បើតាមប្រជាពលរដ្ឋនិយាយថា ឈ្មួញអ្នកមាន​លុយអាចធ្វើអ្វីៗបានតាមចិត្ត តាមរយៈការឃុបឃិតជាមួយលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវ និងលោកខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបូរី។

ប្រជាពលរដ្ឋស្រុកអង្គរបុរីខ្លោចផ្សាក្នុងចិត្ត ព្រោះតែមន្ត្រីជលផលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីផលប្រយោជន៍ជនរួមជាតិខ្មែរឡើយ។ ងាកមកបញ្ហាបទល្មើសនេសាទឯណេះវិញ ក្រុមលោក ខឹម ប៊ុនថន, អ៊ឹម ផាត ដាក់កម្លាំងចាំចាប់ប្រជាពលរដ្ឋអ្នកនេសាទខ្មែរ ប៉ុន្តែផ្តល់ឱកាសឲ្យជនជាតិវៀតណាមចូលមកនេសាទម្នាក់ៗរាប់រយទូក និងការប្រព្រឹត្តបទល្មើសនេសាទផ្សេងៗទៀតក្នុងទឹកដីខ្មែរ។ ក្រៅពីការនេសាទល្មើសច្បាប់ប្រចាំថ្ងៃ ក្រុមជនជាតិវៀតណាម​ទាំងនោះក៏នៅមានឱកាសដាក់សម្រាស់ក្នុងទឹកដីខ្មែរបានទៀតផង ។ ពួកជនជាតិវៀតណាម​អាចធ្វើអ្វីៗបានគ្រប់យ៉ាងលើទឹកដីខ្មែរ ដោយផ្តល់ប្រាក់ជូនមន្ត្រី​ជលផលនៅទីនោះ។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរខេត្តតាកែវ ក៏ដូចជា​ថ្នាក់ដឹកនាំក្រសួងកសិកម្មពិនិត្យរឿងនេះឡើងវិញផង៕