ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាងខ្នងប្រធានក្រុមការងារថ្នាក់ជាតិ លោកប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ជិះសេះលែងដៃ

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានខ្សឹបខ្សៀវគ្នាថា បើទោះបីជាកាសែតចុះផ្សាយយ៉ាងណា ក៏ទៅមិនរួចដែរ ព្រោះលោកប្រធានមន្ទីរ លី សុភា មានខ្នងបង្អែករឹងមាំ តាំងពីនៅជាមន្ត្រីមន្ទីរសង្គមកិច្ច ខេត្តសៀមរាបឯណោះមកម្ល៉េះ ។ លោកមានឥទ្ធិពលដោយសារតែប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ជាខ្នងបង្អែក ។ ដូច្នេះ សូម្បីតែរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចុប្បន្ន ក៏ត្រូវតែយល់មុខលោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់នោះដែរ ។ ដោយសារតែអាងឥទ្ធិពលនេះហើយ ទើបលោក លី សុភា អាចប្រព្រឹត្តអំពើពុករលួយបានតាមចិត្ត ។

ប្រភពបានឲ្យដឹងថា គ្រាន់តែបញ្ហាក្បៀសទឹកប្រាក់សម្រាប់ចំណូលចំណាយនៅក្នុងមន្ទីរមួយឆ្នាំៗ លោក លី សុធា អាចសល់ប្រាក់ខ្ទង់ម៉ឺនដុល្លារ ។ ការកិបកេងថវិកានៅតាមជំពូកផ្សេងៗ ក៏ដូចជាការបំប៉ោងតួលេខសម្រាប់ទិញសម្ភារ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរ គឺអាចកិបកេងប្រាក់បានរាប់សិបលានរៀល ។ ជាងនេះទៅទៀត អំពើពុករលួយរបស់លោកប្រធានមន្ទីរមិនបានចែករំលែកឲ្យមន្ត្រីក្រោមឱវាទបានរស់ផងទេ ពោលគឺលោកលេបត្របាក់តែម្នាក់ឯង ដោយមិនគិតខ្វល់ពីការខ្វះខាតរបស់មន្ត្រីក្រោមឱវាទនោះឡើយ ។ មិនតែប៉ុណ្ណោះ ថែមទាំងស៊ីពីលើមន្ត្រីតូចតាចនោះទៀតផង ។ ចំណុចដែលស៊ីពីលើកូនចៅនេះហើយ ទើបធ្វើឲ្យព័ត៌មានស្តីអំពីអំពើពុករលួយចេះតែត្រូវបានលាតត្រដាង ។

NKD-36x6_outline

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលការងារវិជ្ជាជីវៈខេត្តពោធិ៍សាត់មិនរំពឹងថា ថ្នាក់ដឹកនាំក្រសួងការងារ មានវិធានការចំពោះលោកប្រធានមន្ទីរម្នាក់នេះទេ ។ គ្មានវិធានការក៏ព្រោះតែគេយល់ថា ឥទ្ធិពលរបស់លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់បានជួយរាំងខ្ទប់ការប៉ុនប៉ងធ្វើអធិការកិច្ច ឬស្រាវជ្រាវរកអំពើពុករលួយនៅក្នុងមន្ទីរមួយនេះ ។ ផ្ទុយទៅវិញ អ្នកដែលទម្លាយព័ត៌មានអំពីអំពើពុករលួយនៅក្នុងមន្ទីរការងារ កំពុងតែភ័យខ្លួនទៅវិញ ។ ដូច្នេះហើយបានជាក្រុមមន្ត្រីនៃមន្ទីរការងារខេត្តពោធិ៍សាត់បានត្រឹមតែដើរគ្រវីក្បាលខ្សឹបខ្សៀវគ្នាតាមរោងកាហ្វេ ៕

d34tr