ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ចាមឃុបឃិតឲ្យ​ក្រុមជញ្ជីងថ្លឹងរថយន្ត​​ខែលជ័យ ជិះសេះលែងដៃ

អាជ្ញាធរខេត្តកំពង់ចាម ក្រោមអំណាចចាត់ចែងលោកគួច ចំរើន ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តកំពង់ចាមខ្សឹបខ្សៀវតៗគ្នាថា ជាអ្នកបិទភ្នែក​ឃុបឃិតឲ្យជញ្ជីថ្លឹងរថយន្ត ដែលបោះទីតាំងនៅលើផ្លូវជាតិលេខ៧១ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ។ គេសង្ស័យថា ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានទទួលភាគផលនៃអំពើពុករលួយ ទាំងនោះ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តខែលជ័យ ដែលមានទីតាំងនៅភូមិ-ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រព្រឹត្តនូវអំពើពុករលួយដោយគាប​សង្កត់អ្នកដឹកទំនិញឲ្យពួកខ្លួន បើទោះបីជារថយន្តដឹកទំនិញនោះ​មិនលើសទម្ងន់ក៏ដោយ ។ ដោយឡែក រថយន្តដឹកទំនិញលើសទម្ងន់​ត្រូវពួកគេគាបសង្កត់កំណត់ឲ្យបង់ប្រាក់លើសលប់ និងទាមទារឲ្យបង់ដាក់ខែទៀតផង ។ ប្រធានស្ថានីយ​ជីញ្ជីង ឈ្មោះ នួន គឹមហេង និងហែហមដោយអនុប្រធានឈ្មោះ សេង សុង បាននិងកំពុងសហការគ្នា ក្នុងការប្រព្រឹត្តអំពើពុករលួយនេះ ។

លោកនួន គឹមហេង និង​ សេង សុង ត្រូវគេអះអាងថា បាននិងកំពុង​ប្រមូលផលប្រយោជន៍​យ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើ​ផ្លូវជាតិលេខ៧១ ។ អាជ្ញាធរខេត្តកំពង់ចាម ក៏បានជ្រាបអំពីបញ្ហា​ដែល​ប្រធាន និងអនុប្រធានទាំងពីរសហការគ្នា​ប្រព្រឹត្តអំពើពុករលួយពីរថយន្តដឹកទំនិញ ក្នុងមួយថ្ងៃៗរាប់រយគ្រឿងនោះដែរ ។ ប៉ុន្តែ​ផលប្រយោជន៍មួយចំនួនរបស់លោក នួន គឹមហេង និងសេង សុង ត្រូវក្រុមមន្ត្រីមន្ទីរសាធារណការយល់ថា បានចែករំលែកឲ្យថ្នាក់ដឹកនាំខេត្តមួយចំណែកដែរ ។ ប្រសិនបើថ្នាក់ដឹកនាំខេត្ត ពិសេស​លោកគួច ចំរើន មិនបានផលប្រយោជន៍ពីពពួកមេៗជញ្ជីង​នេះទេនោះ មុខជាមិនបណ្តោយឲ្យ នួន គឹមហេង និងសេង សុងជិះសេះលែងដៃយ៉ាងនេះទេ ។

គេរាយការណ៍ថា រថយន្តដឹកទំនិញ, ដឹកកសិកផលដូចជាដំឡូងមី, ដឹកឈើ កៅស៊ូ និងដឹកដើមស្វាយចន្ទី… សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកនួន គឹមហេង និងសេង សុង បើទោះបីជារថយន្តទាំងនោះមិនលើសទម្ងន់ក៏ដោយ ។ រីឯរថយន្តដែលផ្ទុកលើសទម្ងន់ ត្រូវពួកគេគាបសង្កត់ទារលុយតាមចិត្ត និងមិនតែប៉ុណ្ណោះគំរាម រើឥវ៉ាន់ចេញទៀតផង ។ ចំណូលដែលបានមកពីអំពើ​ទាំងនេះ វាបានហូរចូលទៅហោប៉ៅឯកជនរបស់​នួន គឹមហេង និងសេង សុង និងមួយផ្នែកចែករំលែក​ឲ្យថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រសួងសាធារណការខ្លះ ៕