ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តពោធិ៍សាត់ជួយសម្រួលចរាចរណ៍​រថយន្តដឹកឈើដែលកំពុងកកស្ទះនៅ​ស្រុកភ្នំក្រវាញផង

គេរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់គ្នានេះ សកម្មភាពនៃការចរាចរណ៍​ដឹកជញ្ជូនឈើកំពុងកកស្ទះ យ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ។ ប្រការនេះ ក្រុមអ្នករកស៊ីដឹកឈើនោះ​ទទូចឲ្យអាជ្ញាធរខេត្តពោធិ៍សាត់​ដាក់​កម្លាំងនគរបាលចរាចរណ៍ទៅជួយរៀបចំ​សម្រួលចរាចរណ៍ ដើម្បីឲ្យរថយន្តដឹកឈើ​អាចធ្វើដំណើរបានដោយមិនកកស្ទះផង ។ សកម្មភាពនៃការដឹកជញ្ជូនឈើជាចំហរ ស្ទើរតែបង្កឲ្យមានគ្រោះថ្នាក់ ដូចនៅ​រាជធានីភ្នំពេញដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត​កែច្នៃ​, គោយន្តកន្ត្រៃ និងរថយន្តធំៗ បានសម្រុកដឹកឈើ​ចេញពីដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់ ដូចស្រមោច ។ គ្រប់ខ្សែផ្លូវនៅក្នុងស្រុកភ្នំក្រវាញ សុទ្ធតែមាន​ការធ្វើចរាចរណ៍ឈើចេញពីដែនជម្រកសត្វភ្នំឱរ៉ាល់ ។ រថយន្ត​ ក៏ដូចជាគោយន្តកន្ត្រៃ, គោយន្តកែច្នៃ បានបើកបរប្រជែង​គ្នាលើដងផ្លូវ ហាក់ដូចជាប្រញាប់វិលត្រឡប់មកដឹកមួយជើងទៀត ។ ការរកស៊ីដឹកជញ្ជូនឈើ​នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានធ្វើឡើងជាចំហរ ហើយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ បានដាក់ប៉ុស្តិ៍ចាំយកលុយពីរថយន្តដឹកឈើទាំងនោះ ។

អ្នកភូមិនិយាយថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សកមុ្មភាពនៃការដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​បាន​កើនឡើងគួរឲ្យកត់សម្គាល់ ។ ពោលគឺ​ពួកអ្នករកស៊ីដឹកឈើ​បានធ្វើឡើងជាចំហរទាំងយប់ ទាំងថ្ងៃ ដោយមិនញញើតច្បាប់ទម្លាប់អ្វីឡើយ ។ អ្នកអនុវត្តច្បាប់ ពោលគឺអាជ្ញាធរមានសមត្ថកិច្ច ចាំតែយកលុយពីរថយន្តដឹកឈើទាំងនោះតែប៉ុណ្ណោះ ។ អ្នកភូមិនិយាយថា វាហាក់ដូចជាយុទ្ធនាការ​នៃការ​ដឹក​ ឬការប្រមូលភោគផលកសិកម្ម ត្រឡប់មកផ្ទះយ៉ាងដូច្នោះដែរ ។ គេមិនដឹងថា តើ​អាជ្ញាធរខេត្តពោធិ៍សាត់​ជាអ្នកបើក​យុទ្ធនាការឲ្យមានការដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឬយ៉ាងណានោះទេ ៕