ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរកំពង់ធំបណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​

បើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែល​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​ច្រើនជាងគេ​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ជាក់ស្ដែង​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ ស្រុកស្រុកស្ទោង ខេត្តកំពង់ធំ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​មួយផ្នែក​ណា​នោះ​ផងដែរ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រាលដាល​កាន់តែខ្លាំង​ថែមទៀត​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​ស្រុកស្ទោង បាន​ឲ្យ​ដឹងថា លោក កន​ចន្ទសីហា នាយផ្នែក​រដ្ឋបាល​ជល​ផលស្ទោង និង​បក្ខពួក​គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ការដែល​លោក កន​ចន្ទសីហា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុកស្ទោង រិះគន់​នោះ​គឺ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុងខណៈដែល​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​ស្ទោង នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅ​តំបន់​បឹង​ទន្លេសាប​ស្រុក​ស្ទោងខេត្តកំពង់ធំ គឺជា​ប្រភព​ចំណូល​របស់​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​មា​ហា​ផ្ទៃ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ធំ កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​​ ​៕

លោកសុខ លូ អភិបាលខេត្តកំពង់ធំ

លោកកង ចន្ទសីហា