ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ អ្នកនេសាទវៀតណាមធ្វើសកម្មភាពល្មើសច្បាប់ក្នុងដែនសមុទ្រខ្មែរជាចំហរ

ទូកអូសគូរបស់អ្នកនេសាទវៀតណាមកំពុងធ្វើសកម្មភាពជាចំហរនៅក្នុងភូមិសាស្ត្រដែនសមុទ្រខ្មែរ ក្នុងខេត្តកំពត និងខេត្តកែប ។ គេរាយការណ៍ថា មន្ត្រីជលផលខេត្តទាំងពីរនាក់សោយសុខក្នុងបទល្មើសនេះជាយូរណាស់មកហើយ ។ លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតដែលកាន់តំណែងនេះជាង១០ឆ្នាំមកនោះ​មិនដែលខ្វល់អ្វីឡើយ ។ លោកបានប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបទល្មើសនេសាទដ៏ធំល្វឹងល្វើយនេះ។ ថ្នាក់ដឹកនាំខេត្តមុនៗ ក៏ដូចជា​អគ្គនាយកដ្ឋានរដ្ឋបាលជលផលទទួលបានផលប្រយោជន៍ពីលោក ស សូរិន្ទ ទើបនាំគ្នាសម្ងំស្ងៀមឈឹង ។

ក្រុមមន្ត្រីជលផល ក្រោមអំណាចលោកស សូរិន្ទ ធ្លាប់ត្រូវបណ្តាអ្នកនេសាទវៀតណាមបាញ់ស្លាប់ នៅគ្រាដែលពួកគេចុះបង្ក្រាបបទល្មើសទាំងនោះ ។ ផ្ទុយទៅវិញ លោក ស សូរិន្ទ មិនដែលខ្វល់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមអំណាចខ្លួននោះឡើយ ។ ផ្ទុយទៅវិញ លោករីករាយខ្លាំងណាស់នៅពេលដែល​មានបណ្តាជនវៀតណាមចូលមកនេសាទ​ល្មើសច្បាប់នៅក្នុងដែនសមុទ្រខ្មែរ។ ពីព្រោះបើមានបទល្មើសនេសាទ គឺ​វាជាប្រភពចំណូលដ៏សំខាន់សម្រាប់លោកនោះហើយ។ ដូចគ្នានេះដែរ នៅខេត្តកែប ក៏មានបទល្មើសមិនខុសពី​ខេត្តកំពតប៉ុន្មានទេ ។

ទូកនេសាទវៀតណាមរាប់សិបគ្រឿង ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ រីឯអ្នកនេសាទខ្មែរ មិនអាចប្រឈមជាមួយនឹងអ្នកនេសាទវៀតណាមនោះបានឡើយ ។ ជារឿយៗ អ្នកនេសាទខ្មែរតែងតែផ្ទុះបាតុកម្មតវ៉ាចំពោះការដែលមន្ត្រីជលផលខ្មែរខេត្តកំពតរបស់លោក ស សូរិន្ទ អនុញ្ញាតឲ្យជនវៀតណាមចូលនេសាទក្នុងដែនទឹកខ្មែរ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស សូរិន្ទ អត់ដែលខ្វល់ចំពោះ​ការតវ៉ារបស់ក្រុមអ្នកនេសាទខ្មែរទាំងនោះឡើយ។ មិនតែប៉ុណ្ណោះ មន្ត្រីជលផលខេត្តកំពតទម្លាក់កំហុសទៅលើអ្នកនេសាទខ្មែរថា បង្កបញ្ហាថែមទៀតផង ៕

អ្នកនេសាទខ្មែរនៅខេត្តកំពតតវ៉ា នាពេលកន្លងមក