ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក នាយខណ្ឌរដ្ឋបាលជលផលកោះកុងគ្រប់ទឹកនឹងបទល្មើសនេសាទសមុទ្រ

ទូកនេសាទវៀតណាម និងថៃចូលមកនេសាទក្នុងដែននេសាទសមុទ្រខ្មែរ ភូមិសាស្ត្រ ខេត្តកោះកុង សុទ្ធតែត្រូវបង់ប្រាក់ដាក់ខែឲ្យលោកនាយខណ្ឌរដ្ឋបាលជលផលកោះកុង ឡាង គិរី គ្រប់ក្បាលទូកទាំងអស់ ។ ក្រៅពីបង់លុយដាក់ខែ ក៏មានការបង់សេវាផ្សេងៗទៀតទៅតាមការទាមទាររបស់លោកនាយខណ្ឌ ។ បទល្មើសនៅដែនសមុទ្រ គឺជារឿងដ៏ស្ងៀមស្ងាត់ ដែលនាយខណ្ឌរដ្ឋបាលជលផលកោះកុងប្រមូលប្រាក់បានយ៉ាងស្រួល មិនល្បីខ្ច័រខ្ចាយដូចបទល្មើសនៅដែនទឹកសាបនោះទេ ។

ប្រជានេសាទខ្មែរនៅខេត្តកោះកុងនិយាយថា លោកនាយខណ្ឌរដ្ឋបាលជលផល ឡាង គិរី បានប្រើលោក ហិន ឡា ឲ្យចុះប្រមូលប្រាក់ពីទូកនេសាទវៀតណាម, ថៃ ។ ប្រភពបានបញ្ជាក់ថា អ្នកនេសាទខ្មែរ និងខ្មែរ អិស្លាម នេសាទមិនបានផលប៉ុន្មានទេ ដោយសារតែពួកអ្នកនេសាទបរទេសមានឧបករណ៍នេសាទទំនើបៗ អាចចាប់ត្រីបានច្រើនក្នុងដែនសមុទ្រខ្មែរ ។ ប្រជានេសាទត្អួញត្អែរចំពោះផលលំបាកនៃការរកស៊ីក្នុងដែនទឹក ព្រោះសមត្ថកិច្ចជំនាញ បានលក់ដែនទឹកឲ្យទៅអ្នកនេសាទបរទេស្ទើរអស់ទៅហើយ ។ មន្ត្រីរដ្ឋបាលជលផល គិតតែបើកដៃឲ្យអ្នកនេសាទបរទេសចូលមកនេសាទក្នុងដែនសមុទ្រខ្មែរជាថ្នូរនឹងប្រាក់ ។

NKD-36x6_outline

ប្រភពបានឲ្យដឹងថា ឈ្មោះ ហិន ឡា ជាអ្នកចេញមុខសម្របសម្រួល ពោលជាអ្នកដើរប្រមូលប្រាក់ឲ្យលោក ឡាង គិរី ក្នុងមួយខែៗរាប់សែនបាត(ប្រាក់ថៃ) ។ ពួកអ្នកនេសាទវៀតណាម និងថៃ ចូលមកនេសាទក្នុងដែនទឹកខ្មែរ ដោយមិនញញើតអ្នកនេសាទខ្មែរជាម្ចាស់ស្រុកនោះឡើយ ។ ទាំងនេះដោយសារតែការបើកដៃហួសហេតុ របស់មន្ត្រីរដ្ឋបាលជលផល ពោលគឺលោកឡាង គិរី នេះឯង ។ គេនិយាយថា លោកឡាង គិរី កើបលុយស្រួលៗពីក្នុងទឹក ដោយគ្មាននរណាចាប់អារម្មណ៍នោះឡើយ ៕