ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ កំពង់ចម្លងកំពង់ឆ្នាំង-រលាប្អៀររថយន្ត១គ្រឿងថ្លៃ៣០ដុល្លារ

តាមប្រភពពីប្រជាពលរដ្ឋដែលមានរថយន្តផ្ទាល់ឆ្លងកំពង់ចម្លងទទឹងថ្ងៃពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង បានឲ្យដឹងថា ម្ចាស់ដទទឹងថ្ងៃតម្រូវឲ្យពួកគាត់បង់លុយថ្លៃចម្លងរថយន្តធុនតូច១គ្រឿង១០ដុល្លារឬ៤ម៉ឺនរៀល ហើយបើគិតទាំងទៅទាំងមកគឺអស់២០ដុល្លារឬ៨ម៉ឺនរៀល។ ការតម្រូវរបស់ម្ចាស់កំពង់ចម្លងទទឹងថ្ងៃ ឲ្យអ្នកចម្លងរថយន្តបង់លុយយ៉ាងច្រើនបែបនេះគឺជាការយកលើសសៀវភៅបន្ទុករបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ហេតុនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះបញ្ហានេះ ។

បន្ទាប់ពីប្រជាពលរដ្ឋមានប្រតិកម្មខ្លាំងរឿងម្ចាស់កំពង់ដទទឹងថ្ងៃ យកលុយថ្លៃចម្លងរថយន្តធុនតូចលើសការកំណត់ក្នុងសៀវភៅបន្ទុកត្រូវបានមន្ត្រីក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បង្ហើបឲ្យដឹងថា គឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ូ ជួបកុសល ទេនោះគឺម្ចាស់កំពង់ដទទឹងថ្ងៃ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេព្រោះការចម្លងរថយន្តធុនតូចពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង ចំណាយពេលតែ១៥នាទីសោះគេយកថ្លៃចម្លងដល់ទៅ៤ម៉ឺនរៀល ។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបង្ហើបឲ្យដឹងថា ទាំងលោក អ៊ូ ជួបកុសល ដែលជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ក៏ដូចជាលោក ហ៊ិន សុវណ្ណនី ដែលជាប្រធានអនុមន្ទីរ សុទ្ធតែទទួលបានផលប្រយោជន៍ពីម្ចាស់កំពង់ដទទឹងថ្ងៃ។ ហេតុនេះហើយទើបលោក អ៊ូ ជួបកុសល និងលោក ហ៊ិន សុវណ្ណនី ឃុបឃិតគ្នាជួយបិទបាំងករណីម្ចាស់កំពង់ដទទឹងថ្ងៃចម្លងរថយន្តធុនតូចពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង លើសសៀវភៅបន្ទុកយ៉ាងច្រើន ៕