ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ខ្សឹបដាក់ត្រចៀក ៖ ចែនី ឈ្មួញឈើធំជាងគេនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញឈើម្នាក់ឈ្មោះ ចែនី នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកទាំង២យ៉ាងរលូនដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ត្រូវមជ្ឈដ្ឋាននានារិះគន់ថាមិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកនោះទេ។

ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថាឈ្មួញឈ្មោះ ចែនី ដែលអាងមានខ្នងបង្អែករឹងមាំកំពុងធ្វើសកម្មភាពម៉ៅទិញឈើផ្ដាច់នៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ហើយតែងដឹកជញ្ជូនទៅដល់គោលដៅដោយគ្មានការរំខានពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រភពបានឲ្យដឹងទៀតថា រយៈពេលជាង១ខែកន្លងទៅនេះឈ្មួញឈ្មោះ ចែនី បានរៀបចំក្បួនរថយន្តប្រភេទសាំយ៉ុងដឹកឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ក្នុងមួយយប់ៗពី៥ទៅ១០គ្រឿង។ សមត្ថកិច្ចដែលដាក់ប៉ុស្ដិ៍ត្រួតពិនិត្យតាមផ្លូវជាច្រើនកន្លែងមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែនី ដោយពួកគេខ្លាចបាត់បង់ផលប្រយោជន៍ ហេតុនេះហើយទើបបទល្មើសនៅតែបន្តកើតឡើងយ៉ាងរាលដាល។

ឈ្មួញតូចតាចមួយចំនួនបានឲ្យដឹងថាឈ្មួញឈ្មោះ ចែនី បានប្រើប្រាស់រថយន្តប្រភេទសាំយ៉ុងជាច្រើនគ្រឿងក្នុងការដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ជារៀងរាល់យប់ព្រោះសមត្ថកិច្ចនិងមន្ត្រីជំនាញនៅតាមដងផ្លូវខ្លាចឥទ្ធិពលមន្ត្រីជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ ដែលនៅពីក្រោយខ្នងឈ្មួញឈ្មោះ ចែនី។ បច្ចុប្បន្ននេះព្រៃឈើដែលនៅសេសសល់ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញកំពុងប្រឈមនឹងសេចក្ដីវិនាស ហើយក្នុងនោះឈ្មួញឈ្មោះ ចែនី មានស្នាដៃយ៉ាងធំធេងក្នុងការប្រមូលទិញឈើ និងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តពោធិ៍សាត់ ដោយគ្មានញញើតអ្វីទាំងអស់ ៕


ចែករំលែក៖