ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ឈ្នួញសម្រុកដឹកឈើគ្រោងទ្វារទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ

រថយន្តប្រភេទសាំយ៉ុងត្រូវបានឈ្មួញប្រើប្រាស់ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើ ប្រភេទគ្រោងទ្វារ បង្អួចឆ្លងទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វេភាគីឡាប៉ាខេ ដែល ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បទល្មើសដឹកជញ្ជូនឈើបែបនេះទើបនឹង ចាប់ផ្តើម ត្រូវប៉ាន់ខាងភាគីឈ្មួញវៀតណាម ខណៈឈើប្រភេទគ្រោងទ្វារ បង្អួច ឬ បង្អួច និងទ្វារពីមុនគេគ្រាន់តែដឹកជញ្ជូនចេញពីទីតាំងសិប្បកម្មដើម្បីលក់ចែកចាយ ក្នុងស្រុក។ បច្ចុប្បន្នឈើប្រភេទនេះត្រូវប៉ាន់សម្រាប់ឈ្មួញវៀតណាម ទើបនៅច្រក ទ្វេភាគីឡាប៉ាខេគេបានឃើញរថយន្តសាំយ៉ុងដឹកយ៉ាងគគ្រឹកគគ្រេង ដោយប្រើរូប ភាពជារថយន្តដឹកអ្នកដំណើរ ទេសចរណ៍ ឬទំនិញចាប់ហួយ ប៉ុន្តែបង្កប់នូវប្រភេទ ឈើគ្រោងទ្វារ និងបង្អួចយ៉ាងអនាធិបតេយ្យ ។

ប្រភពនៅទីនោះបានឲ្យដឹងថា ល្បិចឈ្មួញគឺមានគ្រប់រូបភាពក្នុងចេតនាទុច្ចរិត បំផ្លាញឈើក្នុងទឹកដីខ្មែរ តាមរយៈការប្រមូលទិញពីឈ្មួញវៀតណាម ស្របពេលដែល ប្រទេសកម្ពុជាកំពុងរឹតបន្តឹងផ្លូវច្បាប់ និងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនេះ។ គេទទួលស្គាល់ថា សមត្ថកិច្ច និងអាជ្ញាធរ ពិសេសតាមច្រកទ្វេភាគីក្នុងខេត្ត មណ្ឌលគិរីនៅតែមានភាពធូររលុងចំពោះការបំពេញតួនាទីភារកិច្ច ទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ។ សកម្មភាពបង្ក្រាបបទល្មើសព្រៃឈើកាន់តែខ្លាំង ឈ្មួញកាន់តែ ឆ្លៀតឱកាសដើម្បីដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម ហើយថ្មីៗនេះបែរជា លេចចេញព័ត៌មានថា ឈ្មួញវៀតណាមប្រមូលទិញឈើប្រភេទគ្រោងទ្វារបង្អួចវិញ ម្តង។ ដូច្នេះឈ្មួញត្រូវប្រមូលទិញឈើបែបនេះយកទៅលក់ឲ្យជនជាតិវៀតណាមដឹកឆ្លងកាត់ច្រកទ្វេភាគីឡាប៉ាខេ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ សមត្ថកិច្ចខាងជំនាញ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយទប់ស្កាត់ចំពោះសកម្មភាពដឹកជញ្ជូនឆ្លងដែននេះផង ខណៈប្រជាពលរដ្ឋ នៅតែមានតម្រូវការក្នុងការប្រើប្រាស់ប្រភេទឈើគ្រោងទ្វារបង្អួច ហើយចេញពីទីតាំង សិប្បកម្មមានច្បាប់ទាំងនោះ ។ ប្រសិនបើគ្មានវិធានការបង្ក្រាបទេ សកម្មភាពបទល្មើសនេះបន្តកើតមានជាហូរហែ ដោយគេសង្ស័យថា អាជ្ញាធរ សមត្ថកិច្ចជំនាញជា ច្រើនស្ថាប័នទៀតដែលពាក់ព័ន្ធអាចទទួលបានកម្រៃពីបទល្មើសនេះ ជាពិសេសអាជ្ញា ធរខេត្តក៏ដូចជាលោកស្នងការនគរបាលខេត្តគួរចុះពិនិត្យទៅលើមន្ត្រីរបស់ខ្លួនក្រោម ឱវាទ ហេតុអ្វីក៏បង្កើតឲ្យមានបទល្មើសឆ្លងដែនតាមច្រកដែលខ្លួនកាន់កាប់ ឬមួយក៏ សកម្មភាពទាំងនេះមានលិខិតអនុញ្ញាតឲ្យដឹកឆ្លងដែនតាមច្រកទ្វេភាគីឡាប៉ាខេ?៕