ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ នរណានៅពីក្រោយបទល្មើសនេសាទបឹងទន្លេសាប ខេត្តពោធិ៍សាត់?

ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា ដោយសារតែលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទទើបករណីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន កំពុងកើតឡើងយ៉ាងរាលដាល។ ជាក់ស្ដែងរាល់ថ្ងៃនេះជនជាតិវៀតណាមជាច្រើននាក់បានប្រើឧបករណ៍ប្រភេទអួនជាច្រើនវង់ហ៊ុមព័ទ្ធចាប់ត្រីក្នុងតំបន់បឹងទន្លេសាបជាប់ព្រំប្រទល់ស្រុកកណ្ដៀង និងស្រុកបាកាន យ៉ាងអនាធិបតេយ្យ។

ប្រជានេសាទជាលក្ខណៈគ្រួសាររស់នៅតំបន់បឹងទន្លេសាប ជាប់ព្រំប្រទល់ស្រុកកណ្ដៀង និងស្រុកបាកាន បានឲ្យដឹងថា អួនដែលមានប្រវែងបណ្ដោយជាង១.០០០ម៉ែត្រជាច្រើនវង់ត្រូវបានក្រុមជនល្មើសប្រើប្រាស់ចាប់ត្រីយ៉ាងពេញបន្ទុក ហើយមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ឡើយ។

ថ្មីៗនេះដែរប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាបនៃស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថាបច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងរាលដាល ហើយមន្ត្រីរដ្ឋបាលជលផលព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រការនេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះមន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋបាលជលផលក្នុងខេត្តពោធិ៍សាត់ ត្រូវមជ្ឈដ្ឋាននានារិះគន់ថាមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទឲ្យស្របតាមបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាលនោះទេ។

ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក៏ដូចជាលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទដែលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ គឺគិតគូរតែរឿងប្រមូលផលប្រយោជន៍យ៉ាងសុខស្រួល។

សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំចាប់ត្រីក្នុងតំបន់បឹងទន្លេសាបនៃស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ភាគច្រើនគឺជាជនជាតិយួនដែលមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធដែលតែងតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ ជនល្មើសប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយមាន៨នាក់ដូចជា ឈ្មោះ ហេង ថាំង, ឈ្មោះ យ៉ យ៉ាំងធិន, ឈ្មោះ វ៉ាង យ៉ាំងតេវ, ឈ្មោះ វ៉ាង យ៉ាំងយ៉ាង, ឈ្មោះ ឡេ យ៉ាំងដាំង, ឈ្មោះ វ៉ាង យ៉ាំងដៀង, ឈ្មោះ ឌិន យ៉ាំងថេង និងឈ្មោះ លី ករ។ ប្រជានេសាទជាលក្ខណៈគ្រួសារបានបញ្ជាក់ថា ជនល្មើសទាំង៨នាក់នេះបានប្រើឧបករណ៍ប្រភេទអួនអូសដោយទូកម៉ាស៊ីនកម្លាំងធំៗចាប់ត្រីពេញបឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ។

ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាបនៃស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងទៀតថា បច្ចុប្បន្នបទល្មើសអូសអួនដែលមានប្រវែងបណ្ដោយវែងៗនិងប្រើទូកម៉ាស៊ីនកម្លាំងធំៗកំពុងកើតឡើងយ៉ាងរាលដាលនៅតំបន់រាំងទឹល កោះក្អែក ស្រុកកណ្ដៀង ក៏ដូចជានៅតំបន់អភិរក្សពូជត្រីកំពង់ប្រាក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សកម្មភាពរបស់ជនជាតិវៀតណាមដែលប្រើឧបករណ៍ខុសច្បាប់នោះ មានប្រភពខ្លះបានឲ្យដឹងថា ពួកគេចំណាយលុយក្នុងអួន១វង់ប្រមាណពី១០លានរៀលទៅ១៥លានរៀលទើបអ្វីអាចប្រព្រឹត្តទៅដោយរលូន។

ប្រភពបានឲ្យដឹងទៀតថា នៅពេលឃើញបទល្មើសកើតឡើងប្រជានេសាទតែងតែរាយការណ៍ទៅមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធឲ្យចាត់វិធានការបង្ក្រាប ប៉ុន្តែមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើមិនដឹងមិនឮអ្វីទាំងអស់ ព្រោះពួកគេជាអ្នកនៅពីក្រោយបទល្មើសនេសាទដើម្បីជាថ្នូរនឹងផលប្រយោជន៍ ៕