ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចាត់កូនចៅឲ្យចាំយកលុយពីរថយន្តដឹកឈើ

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្ពងបានដើរនិយាយប្រាប់ប្រជាពលរដ្ឋដឹកឈើបន្តិច បន្តួចក៏ដូចជាឈ្មួញឈើធំៗឆ្លងកាត់ស្រុកថ្ពងឲ្យដឹងថា ការណ៍ដែលពួកគេបង្ខំចិត្ត យកលុយពីគោយន្តដឹកឈើ ឬដឹកគ្រឿងសង្ហារិមក៏ដូចជារថយន្តឈ្មួញធំៗដឹកឈើ ដោយតម្លៃថ្លៃៗនោះក៏ព្រោះតែមានបទបញ្ជាពីលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺជាអ្នកបញ្ជានោះដែរ។ ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺនិយាយថា លោកប្រធានមន្ទីរមានជំនាញតែមួយមុខគត់គឺរឿងចាប់ឈើ។

នៅឯស្រុកថ្ពងមានសេចក្តីរាយការណ៍ថា មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើថ្ពង២នាក់ កំពុងធ្វើសកម្មភាពខ្លាំងក្លាក្នុងការប្រមូលប្រាក់ពីបទល្មើសក៏ដូចជាតាមរថយន្ត ឬគោ យន្តដឹកឈើជារៀងរាល់ថ្ងៃ។ គេរាយការណ៍ថា លោក ហ៊ ផល្លី នាយសង្កាត់រដ្ឋបាល ព្រៃឈើថ្ពង និងនាយរងផ្នែកលោក មៀច សាមឿន ជាអ្នកដែលល្បីល្បាញជាងគេក្នុង ការទារប្រាក់ពីប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួច។ ការកំណត់តម្លៃតាមរយៈបបូរមាត់ របស់មន្ត្រីរដ្ឋបាលព្រៃថ្ពងទាំង២នាក់នេះមិនអាចចុះថ្លៃបានឡើយ។ គេខ្សឹបថា ក្នុង គោយន្តដឹកគ្រឿងឈើសម្រាប់ធ្វើគ្រែមួយគ្រឿងត្រូវបង់១០ម៉ឺនរៀល, គោយន្តដឹក ឈើចម្រុះមួយគ្រឿងត្រូវបង់៦ម៉ឺុនរៀល, រថយន្តដឹកឈើម៉ាកកូរ៉េចំណុះ២តោនត្រូវ បង់ប្រាក់៤០ទៅ៥០ម៉ឺុនរៀល។ នៅមានពួកឈ្មួញធំៗដែលគេទាក់ទងតាមទូរស័ព្ទ មុនឈើគេចេញក្នុងតម្លៃមួយរថយន្តរាប់រយដុល្លារទៀត។

ពួកគេបានបោះទីតាំងគ្រប់ច្រកផ្លូវសំខាន់ៗដែលដឹងថា មានចរាចរណ៍ដឹកឈើ ចេញពីតំបន់ដែលពួកគេគ្រប់គ្រង។ ពួកមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននិយាយថា បើមិនប្រឹងខំរកលុយគ្មានប្រាក់បង់ឲ្យប្រធានមន្ទីរកសិកម្មដែលទើប ឡើងតំណែងថ្មីៗនោះទេ។ បើតាមប្រភពបានឲ្យដឹងថា មិនមែនតែសង្កាត់រដ្ឋបាលព្រៃ ឈើថ្ពងនោះទេដែលចាំស្ទាក់យកលុយរថយន្ត ឬគោយន្តដឹកឈើបន្តិចបន្តួចនោះ នៅ ឯស្រុកផ្សេងទៀតនៅខេត្តកំពង់ស្ពឺមន្ត្រីរដ្ឋបាលព្រៃឈើក៏ធ្វើការងារដូចគ្នានេះដែរ។

ដូច្នេះជាទូទៅមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តកំពង់ស្ពឺមានភារកិច្ចចាំយកប្រាក់ពីបទ ល្មើសព្រៃឈើមិនមែនចាំបង្ក្រាបបទល្មើសនោះឡើយ ៕