ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ មន្ត្រីរដ្ឋបាលជលផលស្រុកស្ទោង ខេត្តកំពង់ធំ កំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទ

រហូតមកដល់ពេលនេះប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថាបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិនៅតែកើតឡើងយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។

ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារបានឲ្យដឹងថា លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង គឺជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់។ តាមរយៈការឃុបឃិតបើកដៃឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគគ្រឹកគគ្រេង គឺលោក ហួន ផល និងលោក ហុក ម៉ន់ អាចប្រមូលលុយបានយ៉ាងច្រើនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏មានការបែងចែកទៅថ្នាក់លើផងដែរ។

NKD-36x6_outline

តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំពាមបាងបានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់ឃើញមានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបបទល្មើសនេសាទជាច្រើនលើកផងដែរ ប៉ុន្តែការបង្ក្រាបនោះពុំមានប្រសិទ្ធភាពទេ គឺគ្រាន់តែធ្វើឡើងឲ្យល្អមើលប៉ុណ្ណោះ។ ជាក់ស្ដែងលោក ហួន ផល និងលោក ហុក ម៉ន់ នៅតែបន្តឃុបឃិតឲ្យអ្នកនេសាទមកពីភូមិដូនស្ដើង ឃុំពាមបាង ធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់យ៉ាងរាលដាល គឺសូម្បីតែនៅក្នុងតំបន់អភិរក្សពូជត្រីក៏មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកើតឡើងយ៉ាងអនាធិបតេយ្យដែរ។ លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល ហើយបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមចិត្ត ៕