ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ លោក យស វណ្នី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ឃុបឃិតឲ្យក្រុមហ៊ុន ស៊ុន ស្រីមាស កាយរំលាយភ្នំព្រះ

ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឲ្យដឹងថាលោក យស វណ្នី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប គឺជាអ្នកឃុបឃិតបើកដៃឲ្យក្រុមហ៊ុន ស៊ុន ស្រីមាស កាយដីភ្នំព្រះធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រជាពលរដ្ឋបានលើកឡើងថា ករណីក្រុមហ៊ុន ស៊ុន ស្រីមាស កំពុងកាយរំលាយភ្នំព្រះឲ្យរលាយរលត់ មិនឃើញមន្ត្រីអាជ្ញាធរក្រុងកែប ខេត្តកែប ចាត់វិធានការទប់ស្កាត់នោះឡើយ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក កែន សត្ថា អភិបាលខេត្តកែប និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការត្រួតពិនិត្យករណីក្រុមហ៊ុន ស៊ុន ស្រីមាស កាយរំលាយភ្នំនៅភូមិដំណាក់ចង្ហើរ សង្កាត់ព្រៃធំ ជាបន្ទាន់។

សេចក្ដីរាយការណ៍មន្ត្រីអាជ្ញាធរភូមិដំណាក់ចង្អើរ និងមន្ត្រីអាជ្ញាធរសង្កាត់ព្រៃធំ ក្រុងកែប បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ស៊ុន ស្រីមាស បានយកគ្រឿងចក្រជាច្រើនគ្រឿងមកជីកកកាយដីភ្នំព្រះ ហើយប្រើរថយន្តបាញ់ធំៗជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនអាចម៍ដីយកទៅលក់យ៉ាងអនាធិបតេយ្យបំផុត។ មន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តកែប បានឲ្យដឹងថាលោក យស វណ្នី គឺជាអ្នកឃុបឃិតបើកដៃឲ្យក្រុមហ៊ុន ស៊ុន ស្រីមាស កាយរំលាយភ្នំព្រះយកអាចម៍ដីលក់ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងក្រអឺតក្រទម។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យស វណ្នី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ទេនោះគឺក្រុមហ៊ុន ស៊ុន ស្រីមាស មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប បានឲ្យដឹងថា ភ្នំព្រះគឺជាសម្បត្តិធម្មជាតិនៅក្នុងតំបន់នេះតាំងពីដូនតាមកមិនដែលមាននរណាហ៊ានប៉ះពាល់ឡើយ ហើយក៏ជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែរ ព្រោះសំបូរទៅដោយព្រៃឈើខៀវស្រងាត់។ ប៉ុន្តែពេលនេះភ្នំព្រះជិតរលាយបាត់រូបរាងហើយដោយសារលោក យស វណ្នី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ឃុបឃិតបើកដៃឲ្យក្រុមហ៊ុន ស៊ុន ស្រីមាស ប្រើគ្រឿងចក្រជីកកកាយអាចម៍ដីធ្វើអាជីវកម្មយ៉ាងពេញបន្ទុក។

ទន្ទឹមនឹងនេះរថយន្តដឹកអាចម៍ដីរបស់ក្រុមហ៊ុន ស៊ុន ស្រីមាស ធ្វើឲ្យផ្លូវថ្នល់មួយខ្សែក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែបរងការខូចខាតស្ទើរតែទាំងស្រុង ៕