ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ ទូច បញ្ចរ៉ុង របស់ក្រុមបឹងកេតត្រូវសហព័ន្ធបាល់ទាត់កម្ពុជាពិន័យជុំវិញករណីប្រើហិង្សាដាក់អាជ្ញាកណ្ដាល

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្ដីសម្រេចពិន័យកីឡាករ ទូច បញ្ចរ៉ុង មិនឲ្យចូលទីលានប្រកួតផ្លូវការចំនួន៨ខែ និងពិន័យជាប្រាក់១លានរៀលជុំវិញករណីកីឡាកររូបនេះបានប្រើហិង្សាយកក្បាលទៅបុកអាជ្ញាកណ្ដាលក្នុងទីលានអំឡុងពេលក្រុមបឹងកេតប្រកួតចាញ់ក្រុមភ្នំពេញក្រោន ២-១ ក្នុងក្របខ័ណ្ឌលីកកំពូលរបស់កម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងសេចក្តីសម្រេចលេខ២០៥/១៧ សសរ/ស.ប.ក. ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ចុះហត្ថ លេខាដោយលោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា «ត្រូវបានព្យួរកីឡាករឈ្មោះ ទូច បញ្ចរ៉ុង នៃក្លិបបាល់ទាត់បឹងកេតមិនឲ្យចូល រួមក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នានារយៈពេល៨ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ តទៅ និងពិន័យជាប្រាក់ចំនួន១លានរៀល។ សាមីខ្លួនមានសិទ្ធិប្តឹងទៅគណៈកម្មការឧទ្ធរណ៍ សហព័ន្ធបាល់ទាត់កម្ពុជាក្នុងរយៈពេល៥ថ្ងៃក្រោយថ្ងៃចេញសេចក្តីសម្រេចនេះ។ បើពុំមាន បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល៥ថ្ងៃ សេចក្តីសម្រេចនេះចូលជាធរមាន។ សាមីខ្លួន ក្លិបបាល់ទាត់បឹងកេត អគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) គណៈកម្មការជំនាញដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ» ។

សូមបញ្ជាក់ថា ការប្រើហិង្សារបស់កីឡាករ ទូច បញ្ចរ៉ុង ដោយសារខឹងអាជ្ញាកណ្ដាលផ្ដល់កាតក្រហម (កាតលឿង២ដង) ដល់ខ្លួនក្រោយបង្កកំហុសជាមួយកីឡាករក្រុមភ្នំពេញក្រោន។ មុនពេលសហព័ន្ធចេញសេចក្ដីសម្រេចពិន័យនេះអតីតខ្សែការពារជម្រើសជាតិកម្ពុជារូបនេះត្រូវបានក្លិបបឹងកេតពិន័យកាត់ប្រាក់ខែមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរបើតាមអ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត លោក បែ មករា បានឲ្យដឹងថា ក្លិបបឹងកេតបានសម្រេចដាក់លិខិតតវ៉ាសុំឲ្យសហព័ន្ធបាល់ទាត់កម្ពុជា បន្ធូរបន្ថយទណ្ឌកម្មដល់កីឡាកររូបនេះ ប៉ុន្តែមិនទាន់កំណត់ពេលវេលាដាក់លិខិតនេះទេត្រូវរង់ចាំការប្រជុំសម្រេចរបស់ក្លិបសិន ដែលការដាក់ទណ្ឌកម្មនេះលោកយល់ថា ហាក់ធ្ងន់ធ្ងរពេកសឹងតែបញ្ចប់អាជីពរបស់កីឡាកររូបនេះទៅហើយ។

អ្នកចាត់ការទូទៅរូបនេះបញ្ជាក់ថា ការបង្កកំហុសនេះគឺជាលើកទី១របស់ ទូច បញ្ចរ៉ុង ដូច្នេះសហព័ន្ធគួរតែផ្ដល់ឱកាសណាមួយដើម្បីឲ្យរូបគេកែខ្លួន។ ចំណែកកិច្ចសន្យារវាងកីឡាករ ទូច បញ្ចរ៉ុង នឹងក្លិបបឹងកេត លោក បែ មករា មិនទាន់ហ៊ានអះអាងនៅឡើយទេដោយត្រូវ ពិនិត្យលើកិច្ចសន្យា និងការប្រជុំថ្នាក់ដឹកនាំក្លិបសិន ៕ សារីម