ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើបែលហ្ស៊ិក Marouane Fellaini តកុងត្រាថ្មីជាមួយនឹងបិសាចក្រហម

តារាលេងម៉ូតសក់ Marouane Fellaini ទទួលបានកុងត្រាថ្មីលេងឲ្យក្រុម បិសាចក្រហមManchester Unitedរយៈពេល២ឆ្នាំបន្តទៀត។

ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកវ័យ៣០ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់លោក Jose Mourinho អ្នកចាត់ការទូរទៅក្លិប Manchester United ដែលបានផ្តល់ការទុកចិត្តលើ គាត់ក្នុងការបន្តលេងឲ្យក្រុមបិសាចក្រហមទៀត។

អតីតកីឡាករក្លិបEvertonរូបនេះបាននិយាយថា “ខ្ញុំសម្រេចចិត្តចុះកុងត្រាថ្មី ក៏ព្រោះតែខ្ញុំសប្បាយចិត្តនៅទីនេះ។ ខ្ញុំគិតថា ក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅមានគោលដៅជាច្រើនទៀត ដែលនឹងត្រូវសម្រេច។ ខ្ញុំសុំអរគុណលោក Jose ដែលផ្ដល់ការទុកចិត្តនិង ការជឿជាក់លើខ្ញុំ”។

ចំណែកលោក Mourinho បានថ្លែងថា គាត់ចង់រក្សា Fellaini នៅជាមួយក្លិបបិសាច ក្រហមបន្តទៀតនិងបានចំណាយពេល២-៣ខែចុងក្រោយនេះព្យាយាមបញ្ចុះ បញ្ចូលគេឱ្យនៅបន្ត។

គួររំលឹកថា Fellaini ត្រូវបានលោក David Moyes នាំយកមកក្រុមបិសាចក្រហម ក្នុងឆ្នាំ២០១៣ តម្លៃ២៧លានផោន។ គេបានចូលលេង១៥៦លើកសម្រាប់ Man Utd និងរក បាន២០គ្រាប់ ៕ ដេវីត