ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើស្វុីសXherdan Shaqiri ទទួលបានកុងត្រារយៈពេល៥ឆ្នាំពីក្រុមហង្សក្រហម Liverpool

ខ្សែបម្រើអន្តរជាតិស្វុីស Xherdan Shaqiri បានចុះហត្ថលេខាលេងឲ្យក្រុមហង្សក្រហម Liverpoolរយៈពេល៥ឆ្នាំក្នុងតម្លៃខ្លួន១៣លានផោន បន្ទាប់ពីផ្លាស់ចេញពីក្រុម Stoke City។

លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហមទទួលជោគជ័យក្នុងការយក Xherdan Shaqiri មកជំនួសតំណែងខ្សែបម្រើអាល្លឺម៉ង់ Emre Can ដែលបានផ្លាស់ចេញ ទៅលេងឲ្យក្រុមសេះបង្កង់Juventusនៅក្នុងប្រទេសអ៊ីតាលី។

កីឡាករ Xherdan Shaqiriបាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបហង្សក្រហមថា “ខ្ញុំពិតជារំភើបណាស់ដែលបានមកាន់ទីនេះដោយក្លិបហង្សក្រហមគឺជាក្លិបដ៏ធំផុតដោយមានប្រវត្តិសាស្រ្តឈ្នះពានធំៗ កីឡាករល្អៗនិងគ្រូបង្វឹកល្បីៗ។ ក្នុងនាមជាកីឡាករអ្នក ប្រាកដជាចង់មកលេងឲ្យក្លិបធំ ហើយកាលពីប៉ុន្មានឆ្នាំមុនខ្ញុំក៏ចង់មកលេងនៅទីនេះ ដែរប៉ុន្តែវាមិនអាចកើតឡើងបាន។ ខ្ញុំពិតជាសប្បាយចិត្តដោយចុង ក្រោយខ្ញុំបានមកកាន់ទីនេះ” ។

គួរបញ្ជាក់ថា អតីតកីឡាកររបស់ក្លិប Bayern Munich នេះនឹងពាក់អាវលេខ២៣ នៅក្នុងក្រុម Liverpool ហើយនឹងចូលរួមក្នុងតំបន់ខ្សែបម្រើជាមួយនឹងកីឡាករ Fabinho និង Naby Keita ដែលលោក Jurgen Klopp ទើបតែបានទិញសម្រាប់រដូវកាលថ្មី ៕