ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Sergio Aguero ឈ្នះពានកីឡាករលេងល្អបំផុតប្រចាំខែមករា

កីឡាករ Sergio Aguero ខ្សែប្រយុទ្ធក្រុមកំពូលតារាងអង់គ្លេសមេឃខៀវ Man City បានឈ្នះពានកីឡាករលេងល្អបំផុតប្រចាំខែមករា (Premier League Player of the month) នៅក្របខ័ណ្ឌកំពូលអង់គ្លេស។ ខ្សែប្រយុទ្ធរូបនេះធ្វើបានយ៉ាងល្អសម្រាប់៤ប្រកួតចុងក្រោយ ជាមួយការស៊ុតបញ្ចូលទី៥គ្រាប់សម្រាប់ការប្រកួតនៅខែមករាកន្លងទៅ ។

Aguero រកបាន១គ្រាប់ក្នុងជំនួបជ័យជម្នះ ៣-១ លើក្រុម Watford ក្នុងការប្រកួតនៅដើមឆ្នាំ២០១៨ មុនពេលបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Liverpool ៤-៣ ។ ប៉ុន្តែរូបគេបាន Assist ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីក្នុងការប្រកួតនោះផងដែរ។ ការប្រកួតជាមួយក្រុម Newcastle United អតីតខ្សែប្រយុទ្ធក្រុម At.Madrid រូបនេះធ្វើបាន Hat-trick ខណៈបន្តជួយ Man City ផ្តួលក្រុម West Brom ដោយលទ្ធផល ៣-0 ។

Aguero បានតាមស្មើកំណត់ត្រាអតីតកីឡាករបិសាចក្រហម Man United គឺ Wayne Rooney និង Robin Van Persie នៅលើតារាងក្របខ័ណ្ឌ Premier League ហើយក៏ជាកីឡាករក្នុងនាមជាខ្សែប្រយុទ្ធដែលឈ្នះពានកីឡាករឆ្នើមប្រចាំខែរហូតដល់៥ដង។ ខណៈខ្សែប្រយុទ្ធ Tottenham កីឡាករ Harry Kane និងអតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool កីឡាករ Steven Gerrard ធ្លាប់ឈ្នះពាននេះច្រើនជាងគេបំផុត រហូតដល់៦ដងឯណោះ ។

ជាមួយគ្នានោះអ្នកចាត់ការទូទៅក្រុម Bournemouth លោក Eddie Howe បានជាប់ ឈ្មោះជាអ្នកចាត់ការទូទៅល្អបំផុតសម្រាប់ខែមករាផងដែរ។ សម្រាប់ការដឹកនាំរបស់លោក ក្រុម Bournemouth ទទូលលទ្ធផលស្មើ ២ប្រកួត និងឈ្នះ ២ប្រកួតសម្រាប់ ៤ប្រកួតចុងក្រោយ។ ខណៈជំនួបជ័យជម្នះដ៏សំខាន់នោះគឺឈ្នះក្រុមខ្លាំងទាំង២គឺក្រុម Arsenal និង Chelsea ព្រមជាមួយការស្មើក្រុម Brighton និង West Ham ធ្វើឲ្យក្រុម Bournemouth បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី១០ នៅតារាងក្របខ័ណ្ឌ Premier League ។

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសវ័យ៤០ឆ្នាំរូបនេះមានជំនឿថា ជ័យជម្នះលើក្រុមការពារ Chelsea តំណែងជើងឯក Premier League ក្នុងលទ្ធផល ៣-0 កាលពីកន្លងទៅគឺជាការបង្ហាញទម្រង់លេងដ៏ល្អបំផុតគិតចាប់តាំងពីក្រុមបានឡើងមកលេងនៅក្របខ័ណ្ឌលំដាប់កំពូលមួយនេះគិតចាប់តាំងពីឆ្នាំ២០១៥មក ។

សូមបញ្ជាក់ថា ក្រុមមេឃខៀវ ដែលកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះចូលលេង កំពុងតែឈរកំពូលតារាងលីកកំពូលអង់គ្លេស ដោយមានសង្ឃឹមលើកពានសម្រាប់រដូវកាល ២០១៧-២០១៨នេះ។ មិនតែប៉ុណ្ណោះក្រុមខ្លាំង Man City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Basel មកពីប្រទេសស្វុីស ក្នុងលទ្ធផល ៤-០ ក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League វគ្គជម្រុះជើងទី១ ដែលកាន់តែមានសង្ឃឹមខ្ពស់ក្នុងការឈានចូលទៅវគ្គពាក់កណ្តាលផ្តាច់ណព្រ័ត្រសម្រាប់ក្របខ័ណ្ឌមួយនេះ ៕ ដេវីត