ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារទាំងឡាយនៅក្រុងកំពង់ចាមអត់គោរពការណែនាំរបស់រាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ប្រកបមុខរបរ​លក់ដូរ​នឹង​កញ្ច្រែង-កញ្ជើ-ល្អី នៅ​ផ្សារ ផ្សារ​ធំ និង​ផ្សារ​សាមគ្គី ក្រុង​កំពង់ចាម បាន​ប្រតិកម្ម ហើយ​ខឹងសម្បា​អ្នកយក​ភាស៊ី​ផ្សារ ក្រោមបង្គាប់​ប្រធាន​ផ្សារ មក​ទា​ប្រាក់​ថ្លៃ​ភាស៊ី ប្រឆាំងនឹង​សារាចរ​លេខ១១(សរ) របស់​រាជរដ្ឋាភិបាល បានប្រកាស​ស្តីពី​ការ លុប​ការបង់ថ្លៃ(ភាស៊ី) ចំពោះ​ប្រជាពលរដ្ឋ លក់ដូរ​តាម កញ្ច្រែង-កញ្ជើ-ល្អី ដែល​ប្រជាពលរដ្ឋ យក​បន្លែបង្កា ត្រី​មក​លក់ដូរ​។ ក៏ប៉ុន្តែ​គណៈកម្មការ​ផ្សារ ជា​កូនជឹង​លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម នៅតែ​ព្រលែង​កូនចៅ​កូនចៅ រហូតដល់៩នាក់ ដើរ​យកលុយ​ភាស៊ី​ផ្សារ មិន​គោរព​និង​អនុវត្តន៍​តាម តែ​បែរជា​មក​ទារប្រាក់​ថ្លៃ​ភាស៊ី អាជីវករដែល​ដាក់លក់​បន្លែ​ត្រី​តាម កញ្ច្រែង-ល្អី-កញ្ជើ តាម​ចិញ្ចើមថ្នល់ មុខ​ផ្សារ មួយ​កញ្ច្រែង ដែល​ក្នុង​មួយថ្ងៃ​ត្រូវ​ចំណាយ​យ៉ាងតិច៣ពាន់​រៀល​ជាប្រចាំ ។

ក្រុម​អ្នកលក់ដូរ​តូចតាច​តិចតួច​ដូចជា អ្នកលក់​ខ្ទឹម អំបិល ម្ទេស ត្រី-មាន់​ទា តាម​ចិញ្ចើមថ្នល់ មុខ​ផ្សារ និយាយថា សកម្មភាព នៃ​ការទារ​ប្រាក់ ពី​ក្រុម​ទារប្រាក់​ភាស៊ី​នៅក្នុង​ផ្សារ​នេះ នៅតែ​កើតមាន​ជាធម្មតា ។ បើទោះបីជា​អ្នកលក់ដូរ ដឹងថា សម្តេច​តេ​ជោ បានប្រកាសថា អ្នកលក់ដូរ​កំប៉ិកកំប៉ុក មិន​តម្រូវ​ឲ្យ​បង់​ភាស៊ី​ក៏ដោយ ប៉ុន្តែ​បើ​អាច​លក់ដូរ​នៅទីនេះ​បាន​ត្រូវ​បង់ប្រាក់​ប្រចាំថ្ងៃ​ជូន​ក្រុម​គ​ណះ​កម្ម​ការ​ផ្សារ​នេះ។ប្រសិនបើ​មិន​បង់​ទេ​នឹងមិន​អាច​បាន​លក់​តទៅ​ទៀតឡើយ ។

អាជីវករ​នៅ​ផ្សារ​ធំ​និង​ផ្សារ​សាមគ្គី ក្រុង​កំពង់ចាម ភាគច្រើន​អះអាងថា ទោះ​តិច​ឬ​ច្រើន ពួកគេ​ត្រូវ​បង់ប្រាក់​ឲ្យ ក្រុម​គ​ណះ​កម្ម​ការ​ផ្សារ ដើម្បី​ជា​ថ្នូរ នឹង​ការ​អាច​លក់ដូរ នៅក្នុង​ផ្សារ​នេះ​បាន​ដោយ​សុខ​ស្រួល ។ ពួកគេ​លក់​ក្រោម​ឆត្រ និង​អ្នកខ្លះ​លក់​តាម​ចិញ្ចើមផ្លូវ​លក់ដូរ ជារឿយៗ ត្រូវ​ក្រុម​គ​ណះ​កម្ម​ការ​ផ្សារ ឬ​ប៉ូលីស​ក្រុង ក្រោមបង្គាប់ លោក ចាន់ ផល្លី ចៅហ្វាយក្រុង​កំពង់ចាម បណ្តេញ​ឬ​ចាប់​លើក​បន្លែ​បំផ្លាញ​ចោល ក្រោម​ហេតុផល​ថា រៀបចំ​សណ្តាប់ធ្នាប់ «បើ​មិន​បង់ លុយ​ឲ្យ​ទេ នឹងត្រូវ​ក្រុម​ទាំងនេះ(សន្តិសុខ)ចាក់​បន្លែ​ចោល​អស់ហើយ» ។

គេ​មិនដឹង​ច្បាស់​ថា តើ​លោក ចាន់ ផល្លី ចៅហ្វាយក្រុង​កំពង់ចាម មានការ​ឃុបឃិត​ជាមួយ គ​ណះ​កម្ម​ការ​ផ្សារ​ធំ និង​ផ្សារ​សាមគ្គី ក្រុង​កំពង់ចាម ព្រលែង​សន្តិសុខ អោយ​ដើរ​ទារលុយ ពី​អ្នកលក់ដូរ​តាម​កញ្ច្រែង-ល្អី-កញ្ជើ ប្រឆាំងនឹង​សារាចរ​លេខ១១ របស់​រាជរដ្ឋាភិបាល ព្រមទាំង​អោយ​អ្នក​អ្នកម៉ៅការ​ផ្ញើ​ម៉ូតូ យកលុយ​ភាស៊ី​ម៉ូតូ១គ្រឿង១ពាន់​រៀល ទៅ២ពាន់​រៀល ដល់​កម្រិតណា​នោះទេ? ទើប​បណ្តោយអោយ គ​ណះ​កម្ម​ការ​ផ្សារ​ធំ​និង​ផ្សារ​សាមគ្គី ធ្វើអ្វីៗតាម​ទំនើងចិត្ត​បែបនេះ។

ប្រភព​បញ្ជាក់ថា ប្រាក់ចំណូល​ក្នុងថ្ងៃៗមិនតិច១លាន ទៅ២លាន​រៀល​ក្នុង១ថ្ងៃ ហើយ​មិនដឹង​ចំណាយ លើ​ស្អី​នោះទេ ព្រោះ​មិនបាន​បង់​ចូល​ថវិការ​ខេត្ត-ជាតិ សូម្បីតែ១រៀល។

គួររំលឹកថា កាលពី​បោះឆ្នោត​ជ្រើសរើស គ​ណះ​កម្ម​ការ​ផ្សារ​ធំ និង​ផ្សារ​សាមគ្គី ក្រុង​កំពង់ចាម គឺ​មន្ត្រី​ក្រោមបង្គាប់ និង​រូបលោក ចាន់ ផល្លី ចៅហ្វាយក្រុង​កំពង់ចាម មិន​អនុញ្ញាតិ​អោយ​ម្ចាស់​ភាស៊ី​ចាស់ ចូលរួម​ដាក់ពាក្យ ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​គ​ណះ​កម្ម​ការ​ផ្សារ​ឡើយ ខុសពី​ផ្សារ​នានា​ក្នុង​ខេត្តកំពង់ចាម គឺ​អនុញាតិ​អោយ​ម្ចាស់​ភាស៊ី​ឆ្នាំ​ចាស់ ឈរឈ្មោះ ជា​បេក្ខជន។

ក្រុម​អ្នកលក់ដូរ​តូចតាច​តិចតួច​ដូចជា អ្នកលក់​ខ្ទឹម អំបិល ម្ទេស ត្រី​សាច់ តាម កញ្ច្រែង-ល្អី-កញ្ជើ តាម​ចិញ្ចើមថ្នល់​និង​នៅក្នុង​ផ្សារ​ធំ​និង​ផ្សារ​សាមគ្គី ក្រុង​កំពង់ចាម ចង់ឃើញ លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម ចុះ​ពិនិត្យ​និង​អនុវត្តន៍​លប់បំបាត់ ការយក​ភាស៊ី ពី​អ្នកលក់ដូរ​តូចតាច (កញ្ច្រែង -ល្អី-កញ្ជើ) តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្តី​អនុគ្រោះ ។

មិនអាចទាក់ទងលោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាមដើម្បីបំភ្លឺបានទេ ៕ ហេង នរិន្ទ្រ