ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការវាយតម្លៃខេត្តប៉ៃលិនចុះពិនិត្យលើសំណុំរឿងជីកកាយដីប៉ះពាល់ផ្ទះពលរដ្ឋក្បែរខាងក្រោយពីទុកចោលជាងកន្លះឆ្នាំ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមគណៈកម្មការដែលរៀបចំឡើងដោយមានសមាសភាពថ្នាក់រដ្ឋបាលសាលាខេត្តប៉ៃលិន មន្ទីរសុរិយោដីខេត្ត ,មន្ត្រីបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យសាថ្មីម្តងទៀត ពាក់ព័ន្ធផ្ទះប្រជាពលរដ្ឋ១គ្រួសារ ក្នុងចំណោម៣ គ្រួសារ ដែលបានសាងសង់ និងផ្ទះជួល ជាប់ៗគ្នា ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅដែលព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីមានបុរសម្នាក់ ដែលគេ ស្គាល់ថា ជាមន្ត្រីប្រដាប់អាវុធខេត្តបន្ទាយមានជ័យ អាងអំណាចបានយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅជីកកកាយព្រំដីរបស់ខ្លួន បង្កឲ្យប៉ះពាល់ដល់គ្រឹះផ្ទះរបស់ពួកគាត់ ប្រេះ និងបាក់ដីពេលមានភ្លៀងធ្លាក់ ម្តងៗ។

គួររំលឹកផងដែរថា សំណុំរឿងព្រហ្ម ទណ្ឌលេខ៥១ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ហាក់ដូចជាពុំមានចំណាត់ការ​នៅ​ឡើយទេ ចាប់តាំងពីជនរងគ្រោះដាក់ពាក្យបណ្តឹង រហូតមកដល់ពេលនេះ អត់ ទាន់មានអ្វីប្រែប្រួលពោលគឺស្ងាត់ឈឹង តែម្តង។

បើតាមការរៀបរាប់ពីជនរងគ្រោះ ឈ្មោះ អ៊ុយ ទិត្យ ហៅង៉ែត វណ្ណី អាយុ ៥៤ឆ្នាំ រស់នៅភូមិខាងលើបានឲ្យដឹងថា កាលពីដើមខែមករា ឆ្នាំ២០១៧ មាន បុរសម្នាក់ ឈ្មោះ តូ សុភា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបាលេលេយ្យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមាន ដីជាប់នឹងរបងផ្ទះគាត់ បានយកគ្រឿង ចក្រទៅជីកកាយពង្រាបព្រំដីរបស់ខ្លួន ចាប់តាំងពីក្បាលដីផ្នែកខាងមុខ រហូតដល់ ចុងខាងក្រោយប្រវែងជាង៦០ម៉ែត្រ។

NKD-36x6_outline

លោកបន្តទៀតថា លុះពង្រាបអស់ដី ទន់នៅសល់ផ្ទាំងថ្ម ក៏ចាប់ផ្តើមខួងបំបែក ចុះទៅក្រោមថែមទៀត បើទោះបីជាគាត់ ខំប្រឹងប្តឹងអាជ្ញាធរភូមិឃុំស្រុកឲ្យជួយ អន្តរាគមន៍ ក៏គេមិនស្តាប់ដែរ។ក្រោយមកកម្លាំងខាងស្នងការដ្ឋាននគរបាលខេត្តបានចុះទៅជួយអន្តរាគមន៍ទើបបុរសរូបនោះឈប់ជីកកកាយ។ ក្រោយពីខួងបំបែកថ្មរួច ពេលភ្លៀងម្តងៗ ធ្វើឲ្យផ្ទះរបស់បាក់ដី ស្រុត និងប្រេះគ្រឹះផ្ទះកំពុងស្នាក់នៅព្រមទាំងផ្ទះ ជួលចំនួន១៣បន្ទប់ទៀត ក៏អត់មានភ្ញៀវ ហ៊ានជួលនៅដែរ ។ ដូច្នេះផលប៉ះពាល់ ខាងលើ ធ្វើឲ្យគាត់មានការខាតបង់ប្រាក់ ចំណូលប្រចាំថ្ងៃ ដោយ១ថ្ងៃ ខាតអស់៤ ទៅ៥ពាន់បាត (ប្រាក់ថៃ)។

លោកបានបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៧ លោកបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុក ខេត្ត ដើម្បីឲ្យជួយដោះស្រាយអំពីបញ្ហានេះដែរ ហើយខាងអាជ្ញា ធរខេត្ត ក៏បានរៀបចំគណៈកម្មការចុះពិនិត្យម្តងរួចមកហើយនៅខែកុម្ភៈ ក្នុងឆ្នាំនេះតែបាត់ឈឹងទៅវិញមិនដឹងមូលហេតុអ្វី។

តែទោះយ៉ាងណាគណៈកម្មការចុះ វាយតម្លៃបានឲ្យដឹងថា ការចុះពិនិត្យនិង វាយតម្លៃ នេះ ធ្វើយ៉ាងល្អិតល្អន់នៅព្រឹកនេះ ហើយរបាយការណ៍នៃការវាយតម្លៃនឹង ប្រជុំគ្នារួចបញ្ជូនទៅខាងតុលាការដោះស្រាយនាពេលឆាប់ៗខាងមុខនេះ។

ជាការកត់សម្គាល់ខាងភាគីម្ខាងទៀត មិនចូលរួមឡើយបើទោះជាគណៈកម្មការហៅក៏ដោយ ៕ ហេង សូរិយា