ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចាប់រថយន្តខុសលក្ខណៈបច្ចេកទេស៥គ្រឿង

ភ្នំពេញៈ រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន៥គ្រឿងត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅសហការជាមួយមន្ទីរសាធារណៈរាជធានីភ្នំពេញចាប់ទុកដើម្បីអោយកែសម្រួលស្របទៅតាមគោលការណែនាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។

លោកណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចម្រុះបានអោយដឹងថា អនុវត្តតាមស្មារតីនៃអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពច្បារអំពៅបានបើកយុទ្ធនាការត្រួតរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនិងរថយន្តដឹកជញ្ជូនលើសទម្ងន់ផ្ទុក ។ យុទ្ធនាការពី២ថ្ងៃចុងសប្តាហ៍នេះកម្លាំងចម្រុះខណ្ឌសហការជាមួយកម្លាំងជំនាញរបស់មន្ទីសាធារណៈរាជធានីភ្នំពេញបានចាប់រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន៥គ្រឿង ។ ក្នុងនោះរថយន្តតទ្រុងខុសបច្ចេកទេសត្រូវបានអោយកាត់ចេញភ្លាមៗ ទើបអោយធ្វើចរាចរឡើងវិញ ដោយឡែករថយន្តកុងតឺន័រ៤គ្រឿងទៀតដែលកម្លាំងចម្រុះត្រួតពិនិត្យឃើញខុសលក្ខណៈបច្ចេកទេសដែរនោះ រងចាំការសម្រេចពីក្រសួងសាធារណៈការនិងដឹកជញ្ជូន ព្រោះរយន្តទាំង៤គ្រឿងនេះផ្ទុកកុងតឺន័រ ។

លោកអភិបាលរងបានបន្តថា យុទ្ធនាការត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនេះនិងធ្វើរៀងរហូតទាំងយប់ទាំងថ្ងៃ ក្នុងនោះយានដ្ឋានមួយចំនួននៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅក៍បានធ្វើការណែនាំផងដែរ ។

សូមបញ្ជាក់ថាយុទ្ធនាការត្រួតពិនិត្យរថយន្តតទ្រុងកែច្នៃខុសលក្ខណៈបច្ចេកទេសនិងរថយន្តដឹកជញ្ជូនលើសទម្ងន់ផ្ទុកនេះ បានអនុវត្តទូទាំងប្រទេសបន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញបញ្ជាជាសាធារណៈអោយស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់អោយខាងតែបានចំពោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស រថយន្តដឹកលើសទម្ងន់ផ្ទុក និងព្រមានធ្ងន់ៗទៅលើលោកអភិបាលគ្រប់ខេត្ត ក្រុង ដែលនៅតែបន្តអោយរថយន្តតទ្រុងកែច្នៃខុសលក្ខណៈបច្ចេកទេសនិងរថយន្តដឹកលើសទម្ងន់ធ្វើចរាចរទៀតនោះ ត្រូវប្រឈមមុខដកចេញពីតំណែង ៕ សណ្តោស