ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ធ្វើពិធីវាយកម្ទេចទូរហ្គេមចំនួន២២ទូ ជាលើកទី៣

ភ្នំពេញ៖ នេះជាលើកទី៣ហើយដែលសាលាខណ្ឌទួលគោក ដឹកនាំ ដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ រួមទាំងមន្រ្តីសាលាខណ្ឌទាំងអស់ បានធ្វើពិធីវាយកំទ្ទេចទូហ្គេម ជាបន្តបន្ទាប់ចំនួន២២ទូ ក្នុងនោះមានប្រភេទទូហ្គេមបាញ់ត្រីចំនួន១២ទូរ ប្រភេទហ្គេមបៀរនិងសេះចំនួន១០ទូរ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ។

លោកប៉ាង លីដា អភិបាលរងខណ្ឌ បានមានប្រសាសន៍ថា ដេីម្បីលុបបំបាត់ល្បែងសីុសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌទួលគោក បានធ្វើពិធីវាយកម្ទេចទូហ្គេមប្រភេទល្បែងសីុសងចំនួន២២ទូរនេះ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន១២ទូ ទូហ្គេមបៀនិងប្រភេទហ្គេមសេះចំនួន១០ទូរ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានវាយកម្ទេច ។

លោក អភិបាលរងខណ្ឌ បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង២២ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។

គួររំលឹកផងដែរទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វបង្វក់សិស្សានុសិស្ស នឹងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។

លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម ៕

ដោយ៖ ស ដារ៉ា