ភ្នំពេញ ៖ នៅក្នុងសម័យប្រជុំពេញអង្គ កាលពីព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០១៥
គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់អង្គការ បញ្ជូនទៅសភានៅដើមសប្ដាហ៍ក្រោយ។
កិច្ចប្រជុំបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយបានកែប្រែពាក្យពេចន៍មួយចំនួន និងលុបចោលមាត្រាចំនួន២ នឹងត្រូវបញ្ជូនទៅរដ្ឋសភានៅសប្ដាហ៍ក្រោយ ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពី “សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ដោយក្នុងនោះមានការកែសម្រួលពាក្យពេជន៍មួយចំនួន និងលុបចោលមាត្រាចំនួន២ តាមការសំណូមពររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
លោក ផៃ ស៊ីផាន មិនបានបញ្ជាក់លម្អិតពីអត្ថន័យនៃមាត្រាទាំង២ដែលត្រូវបានលុបចោលនោះទេ ។ លោក ផៃ ស៊ីផាន សរសេរទៀតថា សម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលច្រើនក្នុងការបំបាត់ការិយាធិបតេយ្យ និងបង្កើតភាពងាយស្រួលដល់អង្គការ ទាំងក្នុងការចុះបញ្ជី និងកិច្ចប្រតិបត្តិការរបស់ខ្លួន ។ លោកបញ្ជាក់ទៀតថា ទិសដៅ និងគោលបំណងនៃសេចក្ដីព្រាងច្បាប់នេះ អនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធប្រជាពលរដ្ឋ និងសិទ្ធនយោបាយ ។
លោក ផៃ ស៊ីផាន បានសរសេរទៀថា សេចក្ដីព្រាងច្បាប់ដើមស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានលើកយកមកពិភាក្សា មាន៩ជំពូក និង៤១មាត្រា តែដោយ២មាត្រាត្រូវបានលុបចោល សេចក្ដីព្រាងច្បាប់នេះនៅសល់តែ៩ជំពូក និង៣៩មាត្រ ហើយនឹងត្រូវបញ្ជូនទៅរដ្ឋសភានាដើមសប្តាហ៍ក្រោយនេះ ។
គួរបញ្ជាក់ថា អង្គការជាតិ និងអន្តរជាតិបានស្នើឲ្យរដ្ឋសភាបើកឲ្យមានការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះបន្ថែមទៀត មុននឹងរដ្ឋសភាអនុម័ត ដោយអះអាងថា ដើម្បីធានាឲ្យច្បាប់នោះការពារសិទ្ធិមនុស្ស និងមិនមានការរឹតត្បិតដល់អង្គការសង្គមស៊ីវិល ៕