ព័ត៌មានទាន់ហេតុការណ៍៖

គណៈអភិបាលខណ្ឌដូនពេញ ដឹកនាំមន្រ្តីចុះពិនិត្យ រៀបចំសណ្តាប់ធ្នាប់ផ្លូវទឹកច្រាំងទន្លេ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ លោក​ សុខ​ ពេញវុធ​ អភិបាល​ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ជិះទូកត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវទឹកនៃច្រាំងទន្លេ ចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់ទីក្រុងរណបកោះពេជ្រ ជាប់ព្រំប្រទល់ខណ្ឌចំការមន ដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ត្រៀមប្រារព្ធព្រះរាជពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នាពេលខាងមុខនេះ ។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយរីករាយ អបអរសាទរប្រពៃណីទំនៀមទំលាប់ជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។

​ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ​ឲ្យបានឱឡារឹក ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានាសុវត្ថិភាព និងការសប្បាយផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានាថា ព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារៀងស្នាក់នៅរបស់កម្លាំងចំណុះទូកដែលនឹងមកចូលរួម រួមទាំងការរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឲ្យបានសមរម្យផងដែរ ហើយទីតាំងសម្រាប់ចំណុះទូកស្នាក់នៅឆ្នាំនេះ គឺស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារទាំងអស់ ដោយមិនអនុញ្ញាតិឲ្យមកស្នាក់នៅ ឬសំចតនៅប៉ែកខាងត្បូងស្ពានទេ។

ដោយឡែកយោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិបញ្ជាក់ថា ចំនួនទូក​ង ទូកចែវ ដែលត្រូវចូលរួមប្រណាំងឆ្នាំ២០១៧នេះ មានចំនួន២៧០ទូក កើនលើសឆ្នាំ ទៅដែលមានតែ២៥៧ទូកប៉ុណ្ណោះ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំឲ្យមានទីតាំងសប្បាយភាពចំនួន៥កន្លែងមាន ៖កោះពេជ្រ, មុខវត្តបុទមវត្តី, វត្តភ្នំ និងទីតាំងដែលកីឡាករចំណុះទូកស្នាក់នៅ និងសួនច្បារសម្តេចហ៊ុន សែន នៅត្រើយខាងកើតជ្រោយចង្វាត្រង់រូបសំណាក់ប្រាជ្ញាបារមី ៕ ស តារា

NKD-36x6_outline