ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរនាំចូលឧបករណ៍ពិសោធន៍ថ្មដើម្បីបម្រើការងារអភិរក្សជួសជុលរបស់ខ្លួន

ខេត្តសៀមរាប៖ ក្រុមការងារអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរគឺមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននាំចូលឧបករណ៍ពិសោធន៍ កម្រិតរឹងមាំនៃថ្មដែលមានឈ្មោះថា Universal Testing Machine (UTM) ដើម្បី បម្រើដល់ការងារចាំបាច់របស់ខ្លួន។

លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោង ជួសជុលនេះបញ្ជាក់នៅរសៀលថ្ងៃទី១២ ខែតុលាថា ការនាំចូលឧបករណ៍ពិសោធន៍ថ្មមកក្នុងគម្រោងនេះដោយសារនៅ ប្រទេសកម្ពុជាមិនទាន់មានម៉ាស៊ីនប្រភេទ នេះនៅឡើយ។

កន្លងមកក្រុមគម្រោងផ្សេងៗតែងយកបំណែកថ្មទៅពិសោធនៅប្រទេសផ្សេងៗដូចជា ជប៉ុន ឬថៃជាដើម។

លោកបន្ថែមថា ការនាំចូលម៉ាស៊ីន ប្រភេទនេះមកកម្ពុជានឹងជំរុញឲ្យការងារ ដំណើរការបានលឿន ហើយងាយស្រួល។ ម៉ាស៊ីននេះនឹងជួយយើងឲ្យដឹងអំពីកម្រិត រឹងមាំរបស់ថ្មថា តើអាចប្រើប្រាស់បានយូរ ប៉ុនណាទៀត ដើម្បីយើងសម្រេចចិត្តប្រើប្រាស់ឡើងវិញឬអត់? ដូច្នេះរាល់ថ្មដែលត្រូវប្រើប្រាស់ក្នុងគម្រោងទាំងថ្មចាស់ដែល មានស្រាប់ និងថ្មថ្មីដែលត្រូវជំនួសគឺត្រូវឆ្លងកាត់ពិសោធន៍ពីម៉ាស៊ីននេះ ។

លោក Jiseo រៀបរាប់ថា មកទល់នឹងពេលនេះក្រុមគម្រោងរបស់លោកបាននាំចូលឧបករណ៍សំខាន់ជាច្រើនមុខដូចជា ម៉ាស៊ីនUTM, ម៉ាស៊ីនកាត់ថ្ម, Microscope, និងឧបករណ៍វាស់កម្រិតទឹកក្រោមដីជាដើមដែលមានតម្លៃសរុបប្រមាណជាង១លានដុល្លារអាមេរិក។ ឧបករណ៍ទាំង នេះ ត្រូវបានប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ និងពិសោធន៍សម្ភារដែលត្រូវ ជួសជុលប្រាសាទដូចជាថ្មបាយក្រៀម ថ្មភក់និងលោហធាតុផ្សេងៗ។

NKD-36x6_outline

លោកបន្ថែមថា រាល់ឧបករណ៍ទំនើប ទាំងនេះក្រុមការងារបានបណ្តុះបណ្តាល មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាឲ្យចេះ ប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពរបស់ ពួកគាត់។ ជាក់ស្តែងមន្ត្រីជំនាញមកពី ប្រទេសកូរ៉េនឹងបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរានូវវិធីប្រើប្រាស់ម៉ាស៊ីន UTM នេះ នៅដើមខែវិច្ឆិកាខាងមុខ ។

ងាកទៅគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរវិញ លោក Jiseo រៀបរាប់ថា ការ ជួសជុលបានចាប់ផ្តើមទៅលើរានហាលនៃប្រាសាទកោរសក់។ ការងារនេះកំពុង ចាប់ផ្តើមដំណើរការដោយមានមន្ត្រីជំនាញ អាជ្ញាធរជាតិអប្សរា៣រូបដែលសហការធ្វើគឺមន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះ កម្មករខ្មែរ១២រូបកំពុងបំពេញការងារជួសជុលជាមួយអ្នកជំនាញ៕ ហេង សូរិយា

រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា