ព័ត៌មានទាន់ហេតុការណ៍៖

គម្រោង​អភិវឌ្ឍន៍​កសិកម្ម​សុខ​សែន​ជ័យ​ប្រមូល​ផល​ស្រូវប្រាំង​លើ​ផ្ទៃដី​ជាង​៨០០​ហិ​កតា​និង​ព្រោះ​ដាំ​ជា​លើក​ទី​២

​ខេត្ដកណ្ដាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៥​ គម្រោង​អភិវឌ្ឍន៍​ កសិកម្ម​សុខ​សែន​ជ័យ​នៃ​ក្រុមហ៊ុន​ អេ​ង​ ឌី​ប៉ូ​អភិវឌ្ឍន៍​ ស្ថិត​នៅ​ឃុំ​កំពង់​អុស​ ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​បាន​រៀបចំ​ពិធី​ ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៤-២០១៥​ និង​សកម្មភាព​ព្រោះ​ ស្រូវ​ជំហាន​ទី​២​ដោយ​មានការ​ចូលរួម​ ជា​អធិបតី​ពី​លោក​ឧបនាយករដ្ឋមន្ដ្រី​ យឹ​ម​ ឆៃ​លី​ ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ វិស័យ​កសិកម្ម​និង​ជនបទ​ លោក​ទេស​រដ្ឋ​ មន្ដ្រី​ ច័ន្ទ​ សា​រុន​ និង​ប្រជាពលរដ្ឋ​ដែល​ ជា​ប្រជា​កសិករ​ប្រមាណ​ជា​៦០០​នាក់​ ចូលរួម​ផង​ដែរ​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​យឹ​ម​ ឆៃ​លី​ ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​បាន​មាន​ប្រសាសន៍​ថា​ ក្នុងថ្ងៃនេះ​យើង​បាន​មក​មើល​គម្រោង​ អភិវឌ្ឍន៍​កសិកម្ម​សុខ​សែន​ជ័យ​នៃ​ក្រុមហ៊ុន​ អេ​ង​ ឌី​ប៉ូ​អភិវឌ្ឍន៍​ ស្ថិត​នៅ​ឃុំ​ កំពង់​អុស​ ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​ ដែល​ធ្វើ​ឱ្យ​កំណើន​វិស័យ​កសិកម្ម​នេះ​ពិតជា​អាទិភាព​ដ៏​ល្អ​ណាស់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​រួម​ជាមួយ​វិស័យ​ទេសចរណ៍​ វិស័យ​សំណង់​និង​វិស័យ​កាត់ដេរ​ហើយ​ ចំណុច​ទាំងនេះ​គឺជា​សសរស្ដម្ភ​មួយ​ដែល​ ជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​មាន​ ប្រសាសន៍​បន្ដ​ថា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​សង្ឃឹម​ យ៉ាង​មុតមាំ​ថា​ ក្រុមហ៊ុន​ អេ​ង​ ឌី​ប៉ូ​អភិ​ វឌ្ឍន៍​នេះ​គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​ សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ផលិតផល​ស្រូវ​និង​ការ​នាំ​អង្ករ​ចេញ​ហើយ​ក្នុង​ឆ្នាំ​២០១៥​ ជា​គោល​ដើម្បី​ជំរុញ​ផលិតផល​ស្រូវ​ឱ្យ​ បាន​៤​លាន​តោន​ហើយ​អង្ករ​នាំ​ចេញ​ឱ្យ​ បាន​១​លាន​តោន​និង​ចំណុច​មួយទៀត​គឺ​ អង្ករ​ទៅ​តាម​ស្ដង់ដារ​នៃ​អន្ដរជាតិ​។​

​លោក​ តាំង​ សុខ​ឃី​ នាយក​គ្រប់គ្រង​ ទូទៅ​ក្រុមហ៊ុន​ អេ​ង​ ឌី​ប៉ូ​អភិវឌ្ឍន៍​ បាន​ ឱ្យ​ដឹង​ថា​ ការ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ ឆ្នាំ​២០១៤-២០១៥​ក្រុមហ៊ុន​មាន​គម្រោង​ យ៉ាង​ជាក់លាក់​ធ្វើការ​ដាំ​ដុះ​លើ​ផ្ទៃដី​ទំហំ​ ៨៤៣​ហិ​កតា​ឱ្យ​បាន​២​ដង​ក្នុង​មួយ​រដូវ​ ប្រាំង​នេះ​ហើយ​កំពុង​ខិតខំ​ពង្រីក​ក្នុង​ជំហាន​ ទី​២​បន្ដ​ទៀត​ ។​ តំបន់​អភិវឌ្ឍ​នេះ​ពិតជា​ បាន​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​របស់​រាជ​ រដ្ឋាភិបាល​ ។​ ក្នុង​មួយ​រដូវ​ក្រុមហ៊ុន​ បាន​ចំណាយ​ទៅ​លើ​កម្លាំង​ពលកម្ម​ ប្រមាណ​១៦០​លាន​រៀល​។​

​លោក​បាន​បន្ដ​ថា​ ដោយ​ទទួល​បាន​ ការ​អនុញ្ញាត​ឱ្យ​អភិវឌ្ឍន៍​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ “​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​ សុខ​សែន​ជ័យ​”​ លើ​ផ្ទៃដី​ទំហំ​១.៦៩០​ ហិ​កតា​ក៏​ពិតមែន​ ប៉ុន្ដែ​ផ្ទៃដី​ទាំងអស់​ ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ឃុំ​កំពង់​អុស​និង​ក្រៅ​មូលដ្ឋាន​នេះ​បាន​ អាស្រ័យ​ផល​ពេញ​គម្រោង​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​សម្របសម្រួល​ ជាមួយ​ពួក​គាត់​ ដោយ​ទូទាត់​ជា​ថវិកា​ តាម​ការ​ព្រមព្រៀង​ជូន​ពួក​គាត់​ទៅ​តាម​ទំហំ​ដី​ជាក់ស្ដែង​ដែល​គាត់​បាន​អាស្រ័យ​ផល​ដោយ​មិន​មានការ​គាបសង្កត់​ឬ​បង្ខិត​ បង្ខំ​រំលោភ​បំពាន​ពួក​គាត់​ឡើយ​ ហើយ​ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​ទូទាត់​ ថ្លៃ​ដី​តាម​ការ​ព្រមព្រៀង​បាន​ប្រមាណ​ជា​ ១៤៣៦​ហិ​កតា​ ស្មើនឹង​៨៥​ភាគរយ​នៃ​ ផ្ទៃដី​សរុប​។​

​លោក​ តាំង​ សុខ​ឃី​ បាន​បន្ថែម​ថា​ ដោយ​មើលឃើញ​យ៉ាង​ច្បាស់​នូវ​សក្ដានុពល​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ​នៅ​តំបន់​នេះ​មាន​វិសាលភាព​ធំធេង​ ទើប​ក្រុម​ ហ៊ុន​បាន​ដំឡើង​ម៉ាស៊ីន​ដែល​អាច​ស​ម្ងួ​ត​ស្រូវ​បាន​២៧០​តោន​ក្នុង​មួយ​ថ្ងៃ​និង​អាច​ស​ម្ងួ​ត​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ នេះ​ទៀត​ផង​ ។​ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ នៅ​ជួប​បញ្ហា​រាំងស្ទះ​ខ្លះៗ​ដែល​មិន​អាច​អនុវត្ដ​បាន​តាម​គម្រោង​ ដោយ​កន្លែង​ខ្លះ​ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ដ្រ​ប៉ះ​ចំ​ដី​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​ អាស្រ័យ​ផល​ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ តែ​គាត់​នៅ​មិន​ទាន់​ទទួលយក​ថវិកា​ សម្របសម្រួល​ថ្លៃ​ដី​ពី​ក្រុមហ៊ុន​នៅឡើយ​ ហើយ​បើ​ទោះបីជា​ក្រុមហ៊ុន​បាន​រៀបចំ​ដីស្រែ​យ៉ាង​សមរម្យ​ធានា​ប្រភព​ទឹក​គ្រប់​ គ្រាន់​សម្រាប់​ដោះ​ដូរ​ជាមួយ​គាត់​ក៏​ដោយ​ ក៏​គាត់​មិន​ព្រម​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ត្រូវ​ផ្អាក​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ដ្រ​ ទាំងនោះ​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​ ស្រែ​ប្រជាពលរដ្ឋ​ឡើយ ៕ ស​ ដា​រ៉ា​

Sor-dara-003-(7)

Sor-dara-003

Sor-dara-003-(1)

Sor-dara-003-(2)

Sor-dara-003-(3)

Sor-dara-003-(4)

Sor-dara-003-(6)