ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូរណាស់ បុរសចំណាស់ម្នាក់ជិះកង់លក់ការ៉ែមកី ត្រូវរថយន្តបុកបណ្តាលឲ្យបាត់បង់អាយុជីវិត

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនតូច នឹងកង់ដឹកការ៉ែមកីដើរលក់ ក្នុងទិសដៅច្រាស់គ្នាពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៧-៧៨ ស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់មនុស្ស១នាក់ កាលពីវេលាម៉ោង៣និង៥១នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ទោ ធូ សុភា ផ្នែកចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តម៉ាក្ស កាម៉ារីបាឡែន ពណ៌ស គ្មានស្លាក លេខ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង រីឯអ្នកជិះកង់លក់ការ៉ែមឈ្មោះ ប៉ាន់ វ៉ាន់ ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរលក់ការ៉ែម រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ទិសដៅពីជើងទៅត្បូង ។ សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

លោកវរសេនីយ៍ទោ ធូ សុភា បានបន្តទៀត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងភ្លាមៗនោះ កម្លាំងជំនាញអធិការដ្ឋានក្រុងសំរោង បានចុះទៅវាស់វែងរួចហើយបានយកវត្ថុតាងទាំងសងខាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង ។ លោកបានឲ្យដឹងទៀតថា មូលហេតុ រថយន្តបើកល្បឿនលឿនត្រង់ផ្លូវកោង ៕ ប៉ែន នួន