ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ដកន្រ្ដៃឈប់លើចិញ្ចើមផ្លូវត្រូវម៉ូតូមួយគ្រឿងបើកបុកស្លាប់ម្នាក់និងរបួសស្រាលម្នាក់

ខេត្តកណ្ដាល៖ មនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសស្រាល ខណៈដែលជនរងគ្រោះទាំង២នាក់ជិះម៉ូតូបុកគូថគោយន្ដកន្រ្ដៃដែលឈប់លើចិញ្ចើមផ្លូវពុំដាក់ស្លាកសញ្ញាជាសម្គាល់ពេញមួយទំហឹង កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២១និង១០នាទី លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ជា ប្រុសនិត ភេទប្រុស អាយុ២៧ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BR-3988 រួមដំណើរជាមួយម្នាក់ឈ្មោះ គា គឿន ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកឯគោយន្ដបង្ក១គ្រឿង ដឹងគ្រែលក់ បើកបរដោយឈ្មោះ សាន ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រៃ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ (ឃាត់ខ្លួន) ។

NKD-36x6_outline

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញគោយន្ដបង្កធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បួង(ពីភ្នំពេញឆ្ពោះទៅតាកែវ) លុះមកដល់ចំណុចកើតហេតុស្រាប់តែគោយន្ដបង្កបានបែកកង់ខាងឆ្វេងម្ខាង ភ្លាមនោះម្ចាស់ជាបើកគោយន្ដ ក៏ឈប់គោយន្ដរបស់ខ្លួនលើចិញ្ចើមផ្លូវដើម្បីផ្លាស់ប្ដូរកង់ ខណៈដែលឈប់នោះផងដែរ អ្នកបើកបរគោយន្ដពុំដាក់ស្លាកសញ្ញាអ្វីជាសម្គាល់ដើម្បីឲ្យដឹងនោះទេ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ជិះដោយជនរងគ្រោះទាំង២នាក់ខាងលើធ្វើដំណើរស្របទិសគ្នា បើកបរក្នុងល្បឿនលឿនដោយពុំដឹងថា ខាងមុខមានគោយន្ដឈប់លើចិញ្ចើមផ្លូវក៏បុកគូថគោយន្ដពេញមួយទំហឹងដួលបោកទៅនិងផ្លូវ បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូឈ្មោះ ជា ប្រុសនិត ស្លាប់និងកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ឈ្មោះ គា គឿន រងរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកជួយអន្ដរាគមន៍ពិនិត្យនិងវាស់វែងកន្លែងកើតហេតុ និងឃាត់ខ្លួនជាម្ចាស់គោយន្ដរួមទាំងដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីខាងលើនេះគឺបណ្ដាលមកម្ចាស់ជាអ្នកបើកគោយន្ដឈប់លើចិញ្ចើមផ្លូវមានការធ្វេសប្រហែសពុំដាក់ស្លាកសញ្ញាអ្វីជាសម្គាល់ដើម្បីឲ្យអ្នកដែលបើកស្របទិសគ្នាពីក្រោយបានដឹង ទើបបានជាជនរងគ្រោះជិះបុកបណ្ដាលស្លាប់និងរបួសស្រាលបែបនេះ ៕ ស្អាងជ័យ