ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

«គោហោះ»ដំបូងបានចូលដល់ប្រទេសកាតារ

គោយកទឹកដោះ១៦៥ក្បាលត្រូវបានដឹកជញ្ជូនពីប្រទេសអាល្លឺម៉ង់ទៅកាន់ កាតារតាមយន្តហោះជាលើកដំបូង បានចូលទៅដល់ប្រទេសកាតារកាលពី ថ្ងៃទី១២ ខែកក្កដា។ នេះជាចំនួនគោ ដំបូងក្នុងចំណោមគោទាំងអស់៤ពាន់ ក្បាលដែលកាតារទិញយកទៅចិញ្ចឹម ដើម្បីផ្គត់ផ្គង់ទឹកដោះគោនៅក្នុងប្រទេសនេះពេលប្រទេសជិតខាងឡោមព័ទ្ធសេដ្ឋកិច្ច។

គេហទំពរ Bloomberg បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមហ៊ុន Power International Holding ជាក្រុមហ៊ុននាំចូលគោ ខាងលើបានឲ្យដឹងថា សត្វគោយកទឹកដោះនៅក្នុងប្រទេសអាល្លឺម៉ង់បានទៅដល់ទីក្រុងដូហា ហើយសត្វគោទាំងនោះនឹង ផ្តល់ទឹកដោះភ្លាមៗ ដើម្បីបំពេញតម្រូវការទីផ្សារទឹកដោះគោនៅក្នុងប្រទេសនេះ។

ក្រៅពីនេះ«នាងគោ»ផ្តល់ទឹកដោះពី អូស្ត្រាលី និងអាមេរិកនឹងត្រូវបញ្ជូនទៅ កាន់កាតារតាមជើងហោះហើរ៣ថ្ងៃមួយជើង។ ក្នុងរយៈពេល១ខែ គោទឹកដោះទាំង ៤.០០០ក្បាល នឹងចូលទៅដល់ប្រទេស កាតារ។ ប្រធានក្រុមហ៊ុន Power International Holding លោក Moutaz al Khayyat បានឲ្យដឹងថា សត្វគោទំាងនោះនឹង បំពេញតម្រូវការទឹកដោះបាន៣០ភាគរយនៅក្នុងប្រទេស។ ផលិតផលទឹកដោះគោនឹងចេញលក់នៅទីផ្សារដែលជាផលិត ផលថ្មីរបស់កាតារផ្ទាល់។

កាតារជាប្រទេសនាំចេញឧស្ម័នធម្ម ជាតិលំដាប់ពិភពលោក, ពលរដ្ឋកាតារ មានប្រាក់ចំណូលមធ្យម ខ្ពស់ជាងគេ បង្អស់លើពិភពលោក។ ប៉ុន្តែស្បៀង អាហាររបស់កាតារ គឺត្រូវពឹងផ្អែកលើការនាំចូលពីក្រៅប្រទេស ក្នុងនោះមាន ប្រទេសសាវឌីអារ៉ាប៊ី។ ក្រោយពេលដែលកាតារត្រូវប្រទេសជិតខាងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងការបរទេសមកប្រទេសនេះប្រឈមនឹងកង្វះស្បៀងអាហារ។ កន្លងមកប្រទេសទួរគី និងប្រទេសមួយ ចំនួនទៀតបានបញ្ជូនស្បៀងអាហារទៅកាន់ប្រទេសកាតារដើម្បីបំពេញតម្រូវការ របស់ប្រទេសនេះ។

មហាសេដ្ឋីដែលចំណាយប្រាក់យ៉ាងច្រើនទិញគោដឹកជញ្ជូនតាមយន្តហោះនោះ បានបញ្ជាក់ថា នេះជាពេលវេលា ដែលត្រូវជួយដល់ពលរដ្ឋកាតារហើយក្នុងពេលដែលកំពុងតែមានវិបត្តិ៕ ម៉ែវ សាធី