ព័ត៌មានទាន់ហេតុការណ៍៖

គំនិតអញនិយមរបស់ សម រង្ស៊ី ជាគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា

ភ្នំពេញ ៖ រហូតមកទល់ពេលនេះលោក សម រង្ស៊ី ដែលប្រកាន់យកគំនិតជ្រុលនិយម អញនិយម និងពោរពេញដោយគំនុំសងសឹកមិនបានកែប្រែអត្តចរិតសូម្បីតែបន្តិចបើទោះបីជាគំនិតនយោបាយបែបនេះបានរុញច្រានរូបគាត់ឲ្យអស់ដីនៅ និងក្លាយជាអ្នកនយោបាយឧទ្ទាមក្រៅច្បាប់ទៅហើយក្តីក៏ជំងឺតួឯកនៅតែមិនអាចព្យាបាលបានដដែល។ ភាព ងប់ងុលទៅនឹងគំនិតអញនិយម «បើមិនបានអញ អ្នកណាក៏មិនបាន» ហើយ«បើ មានឯងអត់អញ បើមានអញអត់ឯង» កំពុងរុញច្រានលោក សម រង្ស៊ី ឲ្យទៅរកមាត់ ជ្រោះមរណៈនៃអាជីពនយោបាយរបស់ខ្លួនហើយ។ ទៅកាន់ជ្រោះមរណៈតែម្នាក់ឯងមិនជាថ្វីទេតែលោក សម រង្ស៊ី ចង់អូសទាញប្រទេសទាំងមូលយកទៅជាមួយដែរពីព្រោះតែគាត់គិតថា បើគាត់មិនបានកាន់អំណាចទេអ្នកដទៃក៏មិនបានសុខដែរ។ នេះជាគំនិតជ្រុលនិយមដ៏សាហាវមិនខុសទៅនឹងពួកភេរវជនដែលមិនសុខចិត្តស្លាប់តែ ម្នាក់ឯងទេ ប៉ុន្តែបំណាច់នឹងស្លាប់ត្រូវឲ្យអ្នកដទៃស្លាប់ទៅជាមួយខ្លួនដែរ ។

មើលចុះសាររបស់ជនជ្រុលនិយមរូបនេះបានបង្ហាញយ៉ាងច្បាស់ពីសារជាតិរបស់គាត់ដែលមានឈាមជ័រជាជនក្បត់ជាតិ។ ខណៈដែលគណបក្សនយោបាយ២០បាន និងកំពុងឃោសនារកសំឡេងឆ្នោតយ៉ាងគគ្រឹកគគ្រេងស្របតាមច្បាប់ និងតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ សម រង្ស៊ី បែរជាប្រកាច់ចាប់មិនឈ្នះម ានៈ ប្រើពាក្យប្រមាថ គណបក្សផ្សេងដោយឥតអៀនខ្មាស។ លោក សម រង្ស៊ី បានបន្តអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយសារតែគាត់មិនបានចូលរួមប្រកួត ហើយបាន ហៅគណបក្សចំនួន ១៩ផ្សេងទៀតដែលកំពុងប្រកួតរកសំឡេងឆ្នោតថា ជាគណបក្សអាបដែលមានតែ ក្បាលតែឥតមានខ្លួន។ ការឈឺចិត្តស្អិតទ្រូង ដេកមិនលក់ បក់មិនល្ហើយរបស់ សម រង្ស៊ី គឺមកពីគាត់ឃើញថា គណបក្សនយោបាយទាំង១៩ដែលកំពុងឃោសនារក សំឡេងឆ្នោតនោះនឹងហែកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលបានស្លាប់ទៅហើយនោះជាចំណែកៗ ធ្វើឲ្យខ្មោចបក្សសង្គ្រោះជាតិដែលកំពុងវិលវល់ក្នុងវិញ្ញាណអាក្រក់រកភពចាប់កំណើតមិនឃើញនោះក្លាយទៅជាធូលីផេះផង់គ្មានអ្នកណានឹកនាដល់ទៀតឡើយនៅពេលខាងមុខនេះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ប្រឹងត្រដរ ខ្យល់ដើម្បីកំដរបរិយាកាសខ្លះកុំឲ្យអ្នកគាំទ្រកាន់តែអស់សង្ឃឹមប៉ុណ្ណោះ ។

អ្វីដែលធ្វើឲ្យ សម រង្ស៊ី ឈឺចាប់ខ្លាំងបំផុតនោះគឺក្នុងចំណោមបក្សទាំង២០ដែល កំពុងប្រកួតរកសំឡេងឆ្នោតមានគណបក្សមួយចំនួនបានកើតចេញពីការបែកបាក់របស់អតីតបក្សសង្គ្រោះជាតិ។ ក្រុមអ្នកនយោបាយទាំងនោះបានយល់ច្បាស់ថា សង្គ្រោះជាតិស្លាប់បាត់ទៅហើយដោយគ្មានថ្ងៃរស់រានមានជីវិតឡើងវិញដូចការឃោសនា អកុសលរបស់ សម រង្ស៊ីឡើយ។ ម្យ៉ាងទៀតពួកគេក៏បានមើលឃើញកាន់តែច្បាស់អំពីចរិតហ្ស៊ីនរបស់ លោក សម រង្ស៊ី ដែលធ្វើនយោបាយតាមគំនិតសួនតួនិយម គ្រួសារ និយម និងបក្សពួកនិយមយ៉ាងក្រាស់ឃ្មឹកកែមិនឡើង។ ដូច្នេះហើយបានជាអ្នកទាំងនោះមិនអាចនៅបន្តចាញ់បោកលោក សម រង្ស៊ី ទៀតឡើយ ហើយក៏ងាកមកបង្កើត គណបក្សរៀងៗខ្លួនដើម្បីបន្តដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនដេកចាំខ្មោចងាប់ហើយរស់វិញនោះទេ។ ហេតុនេះហើយបានជាលោក សម រង្ស៊ី នៅតែបន្តឃោសនា បោកប្រាស់ដោយឥតអៀនខ្មាសថា គណបក្សរបស់គាត់នឹងអាចឈានទៅដឹកនាំ ប្រទេសនៅពេលខាងមុខ។ សម្រាប់អ្នកដែលមើលឃើញសច្ចធម៌សំឡេងរបស់ សម រង្ស៊ី ជាសំឡេងបោកប្រាស់ដដែលៗគ្មានន័យ គ្មានការណ៍ពិតនិងគ្រាន់តែជាគំនិត ស្រមើស្រមៃរបស់ខ្លួនដែលឆ្កួតនឹងទស្សនៈអញនិយមមើលមិនជា ។

ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលគិតធ្វើអ្វីល្អៗ សាងស្នាដៃ សម្រាប់ប្រទេសជាតិ និងប្រជាជនឡើយ ប៉ុន្តែអ្នកនយោបាយជើងមិនជាប់ដីក្បាល មិនជាប់មេឃរូបនេះចេះតែត្រឹមបន្តុះបង្អាប់វាយប្រហារអ្នកដទៃ និងញុះញង់បង្ហាញ គំនិតជ្រុលនិយមគំនុំសងសឹកដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្រុមមនុស្សមួយចំនួនដែលមានទស្សនៈប្រហាក់ប្រហែលគាត់ឲ្យគាំទ្រតែប៉ុណ្ណោះ។ បើមិនជឿតើមានអ្នក ណាអាចរាប់បានថា អ្វីជាស្នាដៃនិងជាសមិទ្ធផលរបស់ សម រង្ស៊ី ខ្លះក្នុងការធ្វើនយោ បាយរយៈពេលជាង២០ឆ្នាំមកនេះ? ចម្លើយគឺសូន្យ! ផ្លូវមួយចំអាមក៏គ្មាន សាលា រៀនមួយបន្ទប់ក៏មិនដែលធ្វើ ស្ពានឈើមួយតឹកក៏មិនដែលគិតសង់ សំណង់អណ្តូងទឹក មួយក៏មិនដែលឃើញ។ ផ្ទុយទៅវិញស្នាដៃដ៏ឆ្នើមរបស់សម រង្ស៊ី ដែលបន្សល់ទុក សម្រាប់កម្ពុជាគឺបាតុកម្មដុតបំផ្លាញ វាយកម្ទេចយកឈាមរាស្ត្រជាឈ្នាន់នយោបាយ ដុតបំផ្លាញឆ្នាំងបាយកម្មករតាមរយៈការអំពាវនាវកុំឲ្យបរទេសទិញទំនិញពីកម្ពុជា, ញុះញង់បំបែកបំបាក់ឲ្យខ្មែរស្អប់ខ្ពើមគ្នាចងពៀរវេរាមិនចេះចប់…។

នយោបាយបែបស៊ីបាយបោកឆ្នាំងរបស់ សម រង្ស៊ី នៅបន្តរហូតបច្ចុប្បន្ន។ នៅ ពេលដែលខ្លួនឯងមិនបានចូលរួមបោះឆ្នោត សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋកុំទៅបោះ ឆ្នោត និងងើបបះបោរធ្វើឲ្យមានភាពចលាចលវឹកវរក្នុងសង្គម ពីព្រោះក្នុងមួយជីវិត របស់ សម រង្ស៊ី គាត់មិនសប្បាយចិត្តដេកមិនលក់បក់មិនល្ហើយទេនៅពេលឃើញ ប្រទេសជាតិ មានសន្តិភាព និងភាពស្ងប់សុខ។ ផ្ទុយទៅវិញ សម រង្ស៊ី សប្បាយណាស់នឹងឃើញប្រទេសមានសង្គ្រាមហែកហួរមានអំពើហិង្សាបង្ហូរឈាមមានអ្នកស្លាប់ ពីព្រោះនោះហើយជាជោគជ័យរបស់គាត់។ ខុសពីបណ្តាអ្នកនយោបាយប្រទេសជិតខាងដែលគេធ្វើអ្វីៗដើម្បីភាពស្ងប់សុខរបស់ប្រជាជន តួយ៉ាងដូចជាលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃជាដើមគាត់បានអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងាត់ និងចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាទោះជាគ្មានរូបគាត់ក៏ដោយ។ ប៉ុន្តែអ្នកនយោបាយខ្មែរដូច សម រង្ស៊ី បែរជាអំពាវនាវឲ្យពលរដ្ឋងើបបះបោរ និងកុំទៅបោះឆ្នោតពីព្រោះតែអវត្ត មានរូបគាត់ និងបក្សរបស់គាត់ ។

បានឃើញសារដដែលៗរបស់ សម រង្ស៊ី យើងជាកូនខ្មែរពិតជាឈឺចាប់ណាស់ពីព្រោះសម័យនេះទៅហើយមិនគួរឡើយនៅសេសសល់អ្នកនយោបាយបែបនេះទៀត សោះ? គឺអ្នកនយោបាយដែលគិតថា មានតែខ្លួនឯងតែម្នាក់គត់ដែលល្អលើសគេ ហើយហ៊ានចាប់យកប្រទេសទាំងមូលធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួន។ យ៉ាង ណាក៏ដោយសំណាងល្អហើយដែលពលរដ្ឋខ្មែរភាគច្រើនមិនចាញ់បោក សម រង្ស៊ី ហើយបន្តជ្រើសរើសមេដឹកនាំដែលអាចរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងបន្ត ការអភិវឌ្ឍប្រទេសតទៅមុខទៀត។ ដូច្នេះយើងទាំងអស់គ្នាជាកូនខ្មែរត្រូវតែរួមគ្នាកាត់ឫសគល់អ្នកនយោបាយអាត្មានិយមដ៏គ្រោះថ្នាក់ដូច សម រង្ស៊ី នេះចេញពីឆាកនយោបាយឲ្យបានតាមរយៈនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យបានច្រើនកុះករដើម្បីបង្ហាញថា យើងមិននៅខាងអ្នកនយោបាយអញនិយមឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកគេនាំជាតិយើងទៅរកគ្រោះថ្នាក់បានជាដាច់ខាត ៕