ព័ត៌មានទាន់ហេតុការណ៍៖

គ្មានភស្តុតាងច្បាស់លាស់ហើយបណ្តេញមន្ត្រីទូតរុស្ស៊ីជាសញ្ញាឆ្ពោះទៅរកសង្គ្រាមត្រជាក់ជាថ្មី

អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសអូស្ត្រាលី លោក Grigory logvinovបានព្រមានពីសង្គ្រាមត្រជាក់ជាថ្មីកើតឡើង ប្រសិនបើការប្រឆាំងរុស្ស៊ីជាប្រព័ន្ធ កំពុងតែកើតឡើងហើយបន្តទៅមុខទៀតនោះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា តាមការលើកឡើងរបស់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអូស្ត្រាលី នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៨ ខែមីនាថា ពិភពលោកកំពុងតែឆ្ពោះទៅរកសង្គ្រាមត្រជាក់សាជាថ្មី ប្រសិនបើលោកខាងលិចនៅតែបន្តប្រឆាំងទីក្រុងមូស្គូជាប្រព័ន្ធ ដោយចោទប្រកាន់ថា បានសម្លាប់ចារបុរសជនជាតិរុស្ស៊ីនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។

លោក Grigory logvinov បានបញ្ជាក់ទៀតថា លោកខាងលិចត្រូវតែយល់ថា យុទ្ធនាការប្រឆាំងរុស្ស៊ី មិនមានអនាគតឡើយ ហើយប្រសិនបើការប្រឆាំងបែបនេះនៅតែបន្តនោះ នឹងធ្លាក់ជ្រៅចូលក្នុងរណ្តៅនៃសង្គ្រាមត្រជាក់ម្តងទៀត។

រុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ ពាក់ព័ន្ធនឹងការបំពុលសម្លាប់អតីតមន្ត្រីចារកម្ម លោក Sergei Skripal និងកូនស្រី កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ។ អាមេរិក និងប្រទេសនៅក្នុងតំបនអឺរ៉ុប បានសម្រេចរួមគ្នាបណ្តេញមន្ត្រីការបរទេសរុស្ស៊ីចេញពីប្រទេស ជារឿងមួយគួរឲ្យបារម្ភពីវិបត្តិនយោបាយការបរទេស។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺប្រទេសលោកខាងលិច ក្នុងនោះមានអង់គ្លេស បានចោទប្រកាន់រុស្ស៊ី តែមិនបានបង្ហាញពីភស្តុតាងច្បាស់លាស់ណាមួយនោះឡើយ។

ជាមួយគ្នានេះ មន្ត្រីគណបក្សប្រឆាំងមួយចំនួន ក៏បានប្រឆាំងនឹងការបណ្តេញមន្ត្រីស្ថានទូតរុស្ស៊ី ដោយសារតែហេតុផលមិនច្បាស់លាស់ខាងលើនោះឡើយ។ មេដឹកនាំគណបក្សប្រឆាំងអាល្លឺម៉ង់ AFD បានរិះគន់យ៉ាងខ្លាំង ចំពោះលោកស្រីអធិការបតី អេនហ្គេឡា មែរគែល សម្រាប់ការសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ដោយមិនបានបញ្ជាក់ភស្ដុតាងចោទថា រុស្ស៊ីជាអ្នកបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់លោកនៅក្នុងទីក្រុងសាលីសប៊ឺរី (Salisbury) ប្រទេសអង់គ្លេស កាលពីដើមខែមីនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។

គណបក្សប្រឆាំងអាល្លឺម៉ង់មួយនេះ ក៏បានបញ្ជាក់ដែរថា អាល្លឺម៉ង់គួរតែបង្ហាញពីភស្ដុតាងជាក់លាក់ជាមុន មុននឹងចាត់វិធានការលើរុស្ស៊ីព្រោះថា ការធ្វើសកម្មភាពប្រឆាំងនឹងរុស្ស៊ី អាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អាល្លឺម៉ង់។ «អាល្លឺម៉ង់នឹងមិនបានទទួលផលប្រយោជន៍អ្វីមកវិញឡើយ គឺមានតែខាតបង់ធ្ងន់ធ្ងរបើសិនជាទីក្រុងប៊ែរឡាំង ផុងខ្លួនធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់សាជាថ្មី»។ នេះបើតាមសហមេដឹកនាំគណបក្ស AFD លោក អាឡិហ្សង់ឌើ ហ្កូឡេនដ៍ (Alexander Gauland)។

គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងការបោះឆ្នោតសភាអាល្លឺម៉ង់ គណបក្ស AFD បានទទួលសំឡេងគាំទ្រដ៏គួរឲ្យភ្ញាក់ផ្អើល ដោយអាចចូលអង្គុយក្នុងសភាក្នុងនាមជាគណបក្សធំទី៣ និងបក្សប្រឆាំងធំជាងគេ ជាលើកដំបូងនៅសភាអាល្លឺម៉ង់។

អាល្លឺម៉ង់ក៏បានបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៣រូបចេញពីប្រទេសផងដែរ ដែលនេះជាការរួមចំណែកជាមួយបណ្តាសម្ពន្ធមិត្តក្នុងការដាក់គំនាបទៅលើរុស្ស៊ី៕ ម៉ែវ សាធី