ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

គ្រប់ទឹកនឹងជំនួញលក់គុយទាវថ្មីក៏ដោយ ក៏នាង ស៊ូ ដាណេ ចង់តែចេញសម្តែងនៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តារាពហុជំនាញកញ្ញា ស៊ូ ដាណេ ស្រាប់តែលេចមុខក្នុងមុខរបរថ្មីលើស្នាដៃចាស់ គឺបើកហាងលក់គុយទាវយីយោការ៉េ៣ ខាសាទី២ រហូតមានអ្នកគាំទ្រច្រើន ។ ទោះជំនួញថ្មីរីកដុះដាលខ្លាំង ក៏តារាស្រីរូបនេះ នៅមិនបោះបង់ការងារសិល្បៈចោលនោះទេ ហើយនាង ក៏មានបំណងចេញទៅច្រៀងរាំរកលុយបន្ថែម ពីការងារនេះ នៅក្រៅស្រុកផងដែរ ។

ទើបនឹងបើកមុខជំនួញថ្មីបានប្រមាណ២ខែប៉ុណ្ណោះ ស៊ូ ដាណេ លើកឡើងថា ហាងនាងទទួលបានការគាំត្រខ្លាំងព្រោះតែយីយោ និងរសជាតិដើមរបស់គុយទាវនេះល្បីឈ្មោះស្រាប់។ នាងបញ្ជាក់ថា ហាងថ្មីនៅផ្លូវ១៣៨ជិតតំបន់បុរីកីឡានេះ មានភ្ញៀវចេញចូលច្រើន ហើយដោយសារមានអ្នកស្គាល់រសជាតិដើមស្រាប់ទើបមិនពិបាកនឹងទាក់ទាញភ្ញៀវស្របពេលដែលហាងនេះមានទីតាំងល្អស្រាប់ដែលងាយឲ្យអតិថិជនងាយស្រួលក្នុងការចតយានជំនិះផងដែរ។

នាងថាទាំងអតិថិជនថ្មី និងមិត្តរួមអាជីពបានជួយគាំទ្រលើកទឹកចិត្ត និងបានពោលសរសើរពីរសជាតិ និងអនាម័យហាងនាងមិនដាច់ពីមាត់ទើបធ្វើឲ្យនាងរីកមុខញញឹមបិទមាត់មិនជិត។ នាងថាទោះការងាររបរថ្មីកាក់កបជាងរបរមុនៗ ក៏នាងមិនបោះបង់ការងារសិល្បៈចោលនោះទេ ពោលទាំងកម្មវិធីសិល្បៈតាមឆាកតន្ត្រីតាមស្ថានីយទូរទស្សន៍ ការបញ្ចេញបទចម្រៀងថ្មី ក៏នៅតែមាន។ ពិសេសនាងកំពុងរៀបចំឯកសារ សំណុំបែបបទចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសមួយចំនួនផងដែរ។ នាងថាប្រសិនបើជោគជ័យនាងនឹងចេញទៅច្រៀងរាំនៅបណ្តាប្រទេសដែលមានបងប្អូនខ្មែររស់នៅក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ ។

គួរបញ្ជាក់ដែរថាក្រៅពីជាតារាចម្រៀងក្រអួន សំនៀងស្រដៀង ប៉ែន រ៉ន នោះកញ្ញាស៊ូ ដាណេ ត្រូវបានទស្សនិកជន និងមិត្តភក្តិដឹងថា ជាអ្នកសិល្បៈពហុជំនាញដែលនាងចេះទាំងច្រៀងរាំក្នុងទម្រង់ល្ខោនបាសាក់ របាំក្បាច់បុរាណ របាំប្រពៃណី របាំប្រជាប្រិយ និងសម្តែងបានយ៉ាងល្អ ៕ វឌ្ឍនា


ចែករំលែក៖